រកឃើញហើយឪពុកដែលសុខចិត្តស្លា.ប់ខ្លួនឯង ដើម្បីសង្គ្រោះកូនលង់ទឹក នៅឆ្នេរអូរឈើទាល
ខេត្តព្រះសីហនុ៖ នៅទីបំផុតប្រតិបត្តិការស្វែងរកបុរសដែលលង់ទឹកបាត់ខ្លួន បន្ទាប់ពីជួយកូនប្រុសនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ត្រូវបានរកឃើញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយការខិតខំប្រឹកប្រែងពីមន្ត្រីជំនាញអស់រយៈពេលជិត២០ម៉ោង តែគួរឱ្យសោកស្ដាយបុរសរូបនោះ បានបាត់បង់ជីវិតទៅហើយ…។ យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីក្រុមអ្នករុករកបានពង្រីកវិសាលភាពទីតាំងស្រាវជ្រាវនោះ ក៏បានរកឃើញសពជនរងគ្រោះមានឈ្មោះ ហេង ពិសិដ្ឋ អាយុ៤០ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ ត្រូវបានប្រទះឃើញនៅនៅម្តុំឆ្នេរកើតហេតុ។ ដោយប្រតិបត្តិការរុករកនេះ ធ្វើឡើងរួមមាន៖ កម្លាំងនគរបាល, កម្លាំងកងអាវុធហត្ថ, អង្គភាព៧១១ និងមានការចូលរួមសហការពីក្រុមការងាររបស់អ្នកឧកញ៉ាទៀ វិចិត្រ ផងដែរ។ គួររម្លឹកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានហេតុការណ៍មួយបានកើតឡើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបុរសម្នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ បាននាំក្រុមគ្រួសារមកកម្សាន្តនៅឆ្នេរអូរឈើទាល និងបានអង្គុយលេងនៅតូប៨៨៨។ ពេលនោះជនរងគ្រោះ ជាមួយកូនប្រុសអាយុប្រមាណ១០ឆ្នាំជាង បានចុះលេងទឹក។ ភ្លាមៗកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឱ្យឈ្លក់ទឹក ពេលនោះឪពុកឃើញក៏ហក់ទៅជួយកូនរុញមកខាងលើ ពេលនោះគាត់ជាឪពុកក៏បានលង់ទឹកបាត់ខ្លួនឯងតែម្ដង៕ សម្រួលដោយ ទៀង បុណ្ណរី