មេឃុំ ប្រាប់​​ហេតុការណ៍​​បន្ថែម​រឿងបុរសលួច​ទំពាំង ២ ផ្លែ ត្រូវម្ចាស់​ចាប់បាន​ Live លើ​ហ្វេសបុក

បុរសម្នាក់ត្រូវបានស្ត្រីម្ចាស់ចំការចោទប្រកាន់ថា លួចកាច់ទំពាំងចំនួន ២ ផ្លែ ហើយត្រូវបានអាជ្ញាធរឃុំលាងដៃ ស្រុកអង្គរធំ ហៅសួរនិងអប់រំ បញ្ចប់រឿងទាំងសងខាង។ តែម្ចាស់ចំការបាន live ផ្ទាល់ ធ្វើឲ្យមានចំណាប់អារម្មណ៍ផ្សេងៗគ្នាក្នុងបណ្តាញសង្គម។ លោកគឿន កើប មេឃុំលាងដៃ បានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី ៨ ខែមិថុនា ឆ្នាំ​២០២៣​ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ស្ត្រីម្ចាស់ចំការ ឈ្មោះ ជា លក្ខណា នៅភូមិបំពេញ​រាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ បុរសដែលរងការចោទប្រកាន់មានឈ្មោះ សោម ស៊ាន អាយុ៣៤ ឆ្នាំរស់នៅភូមិឃុំខាងលើ។ លោកបន្តថា នៅពេលជួបគ្នាភាគីទាំងសងខាងបានសម្របសម្រួល​គ្នាទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពលួចកាច់ទំពាំងនោះតទៅទៀត។ បន្ទាប់ពីដោះស្រាយចប់ ខាងលោកក៏បានជូនថវិកានិងគ្រឿងឧបភោគបរិភោគ​ដល់គ្រួសារក្រីក្រខាងលើផងដែរ។ លោកបញ្ជាក់ថា រឿងម្ចាស់ចំការ live ផ្សាយក្នុងហ្វេសបុក ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ មហាជនយ៉ាងច្រើន នៅជារឿងរបស់ពួកគាត់ផ្ទាល់ ហើយមហាជនជាអ្នកវិនិច្ឆ័យ។ ជាមួយគ្នានោះដែរ គេឃើញសប្បុរសជនជាច្រើនបាននាំគ្នាយកថវិកា និងគ្រឿងឧបភោគបរិភោគ ទៅជួយដល់បុរសខ្វះខាតខាងលើ ដែលមានវិបត្តិហើយកំពុងរស់នៅផ្ទះជាមួយប្អូនស្រីនៅក្នុងភូមិឃុំខាងលើ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង