ផ្អើលភ្ញៀវនៅ ឥណ្ឌា ខណៈកូនក្រមុំនិងកូនកំលោះប្រតាយប្រតប់គ្នាក្នុងពិធីមង្គលការ

កូនកំលោះកូនក្រមុំនៅប្រទេសឥណ្ឌា បានបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវក្នុងពិធីមង្គលការរបស់ខ្លួន ដោយគូស្វាមីភរិយាថ្មីថ្មោងនេះ បើកឆាកសង្វៀនប្រកួតគ្នាលែងខ្វល់ពីថ្ងៃមង្គល ព្រោះតែមានកំហឹងរៀងៗខ្លួន។  យោងតាម​របាយការណ៍វីដេអូឃ្លិបនៃឧប្បត្តិហេតុមួយត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ Twitter ម្នាក់ ឈ្មោះ gharkekalesh បង្ហាញពីពេលដែលគូស្នេហ៍កំពុងឈរនៅលើឆាក។ ដល់​ពេល​ជូន​បង្អែម​ដល់​គ្នា​ទៅ​វិញ​ទៅ​មក កូន​កំលោះ​បុកនំ​មួយ​ដុំ​ចូល​មាត់​កូនក្រមុំខ្លាំង ធ្វើ​ឲ្យនាង​មិន​ស្រួល​ខ្លួន​ ​រហូត​​​តប​វិញ​ដោយ​រុញ​ដៃ​ភាគីខាងប្រុស​ចេញ​ហើយ​ទះ​មុខមួយកំផ្លៀង។  យ៉ាងណាមិញ កូនក្រមុំ​គិត​ថា​កូន​កំលោះ​នឹង​អត់ធ្មត់​ដើម្បី​បន្ត​ពិធី​មង្គលការ ប៉ុន្តែ​នឹក​ស្មាន​មិន​ដល់​ថា ​គាត់​បែរ​វាយ​នាងតបត​វិញដោយមិនខ្លាចក្រសែភ្នែកភ្ញៀវនៅក្នុងកម្មវិធីមង្គលរបស់ខ្លួន។ ជា​លទ្ធផល អ្នក​ទាំង​ពីរ​ស្ទុះ​ទៅ​ទះ​កំផ្លៀង​គ្នា​យ៉ាង​ចាស់ដៃ​លើ​ឆាក។ សាច់​ញាតិ​បាន​ព្យាយាម​បញ្ឈប់​សង្គ្រាម​ដោយ​ធ្វើ​អន្តរាគមន៍ និង​ចាប់​ពួក​គេ​មក​វិញ។ ប៉ុន្តែកូន​កំលោះ​កូន​ក្រមុំ​បាន​បន្ត​ទាញ​សក់​និង​វាយ​តប់គ្នាលែងខ្វល់អ្វីទាំងអស់។  ឃើញ​ទិដ្ឋភាព​ដ៏​រន្ធត់​របស់​គូស្នេហ៍​ថ្មីថ្មោង ភ្ញៀវ​មិន​ដឹង​ប្រតិកម្ម​យ៉ាងណា ​បាន​ត្រឹម​ឈរ​និយាយ​មិន​ចេញ។ ទោះយ៉ាងណា​ក៏​ដោយ អ្នកនិយមលេង​អ៊ីនធឺណិតដែលបានទស្សនាវីដេអូឃ្លិប​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​ស្ថានការណ៍​ហិង្សា​មិនទំនង​កើត​ឡើង​ក្នុង​ពិធី​មង្គលការ។ លើស​ពី​នេះ ក៏មាន​មតិ​ជាច្រើន មានការ​ព្រួយបារម្មណ៍ថា កូនក្រមុំនិងកូនកំលោះនឹងដោះស្រាយបែបណាបន្ត​ បើសិននៅជាមួយគ្នាទៀត៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង