«កម្ពុជាមានសក្ដានុពលច្រើន ក្នុងការរឹតចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអេមីរ៉ាតអារ៉ាប់រួម»
ភ្នំពេញ៖ នេះជាការលេីកឡេីង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េដ អាល ហ្សេយូឌី រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាស្នើសុំការគាំទ្ររបស់កម្ពុជាលើការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP-28) នាចុងឆ្នាំនេះ នៅទីក្រុងឌុយបៃ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីវិស័យសក្ដានុពលសំខាន់ៗ មួយចំនួន ដែលអាចជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសពាណិជ្ជកម្ម រវាងប្រទេសទាំង២ និងជាតម្រូវការទីផ្សារបស់អេមីរ៉ាតអារ៉ាប់រួម ជាអាទិ៍ ទឹកឃ្មុំ គ្រាប់ស្វាយចន្ទី ខ្លឹមចន្ទ អង្ករសិរីរាង្គ អង្ករសំរូប និងផលិតផលសហគមន៍ផ្សេងៗ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ថានី បានលើកឡើងថា នឹងបញ្ជូនក្រុមការងារបច្ចេកទេស ដើម្បីមកសិក្សា ពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសការដោះដូរពាណិជ្ជកម្មដោយផ្ទាល់ ជាមួយកម្ពុជា៕