រដ្ឋបាលខេត្តកោះកុង គ្រោងពិព័រណ៍ផ្លែឈើ សំដៅបង្ហាញពីសក្ដានុពលវិស័យកសិកម្ម
រដ្ឋបាលខេត្ត សហការជាមួយក្រសួងទេសចរណ៍ គ្រោងរៀបចំពិព័រណ៍បង្ហាញផលិតផលផ្លែឈើ សំដៅរំលេចពីសក្ដានុពលវិស័យកសិកម្ម ខណៈជាស្នាដៃដាំដុះរបស់កសិករនៅក្នុងខេត្តពិតៗ។ នៅថ្ងៃទី ១៧ ដល់ ១៨ ខែមិថុនា ខាងមុខ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធនឹងសហការគ្នារៀបចំកម្មវិធីពិព័រណ៍ផលិតផលផ្លែឈើ រួមមាន ៖ ទុរេន សាវម៉ាវ និងមង្ឃុត ដែលផលិតស្នាដៃបង្កបង្កើនផលពិតៗរបស់ប្រជាកសិករមកពីស្រុកមណ្ឌលសីមា ស្រុកកោះកុង និងស្រុកថ្មបាំង ជាដើម។ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ថា ការរៀបចំពិព័រណ៍ភូមិ ១ ផលិតផល ១ នេះ ធ្វើឡើងនៅមុខអគាររដ្ឋបាលខេត្តផ្ទាល់តែម្ដង ហើយអ្វីដែលកាន់តែពិសេសទៀតនោះ នឹងផ្ដល់ជាផ្លែឈើជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ដើម្បីតេស្តរសជាតិមួយឆ្អែតនៅកន្លែងប្រារព្ធផងដែរ។ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការវេចខ្ចប់នោះទេ។ បើតាមលោក អន សុធារិទ្ធ គោលបំណងរបស់រដ្ឋបាលខេត្ត គឺចង់បង្ហាញពីសក្ដានុពលគុណភាពផលិតផ្លែឈើដាំដុះដោយស្នាដៃផ្ទាល់របស់ប្រជាកសិករក្នុងខេត្តទៅកាន់តែទីផ្សារក្នុង និងក្រៅស្រុក។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ធ្លាប់បង្កើតជាកម្មវិធីពិព័រណ៍ផ្លែឈើនេះម្ដងមកហើយ នៅផ្សារកោះកុងថ្មី ក្នុងក្រុងខេមរភូមិន្ទ តាមរយៈការរៀបចំជាស្តង់ពិព័រណ៍បង្ហាញជូនពលរដ្ឋ និងអ្នកទេសចរបានពិសាផ្លែឈើឥតគិតថ្លៃ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។ គួរជម្រាបថា ទិន្នផលកសិកម្មផ្លែឈើហូបផ្លែកើនផលល្អច្រើនគួរឲ្យកត់សម្គាល់ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ប៉ុន្តែអ្វីដែលបារម្ភ គឺកសិករមិនទាន់ចេះស្វែងដៃគូទីផ្សារមកទិញដល់ចម្ការ ឬកាត់យកទៅលក់ជូនអតិថិជន គ្រាបរិមាណទុរេន សាវម៉ាវ និងមង្ឃុត ខេត្តណាក៏មានអ្នកដាំដុះច្រើន។ ទន្ទឹមនោះ រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោកស្រី មិថុនា ភូថង ក៏ជំរុញឲ្យមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ ពិភាក្សាគ្នាស្វែងរកទីផ្សារលក់ផលិតផលកសិកម្មខេត្តកាន់តែទូលំទូលាយជូនប្រជាកសិករទូទាំងខេត្ត៕ សម្រួលដោយ ទៀង បុណ្ណរី