កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនឈ្មោះ ​ហ៊ឹន ត្រឹង ហៅ ​វ​ណ្ណា , លោកមេធាវី ហៀង មករា និង ​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀត

ព្រះ​សីហ​នុ៖កាលពីថ្ងៃទី១ និង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនឈ្មោះ ​ហ៊ឹន ត្រឹង ហៅ ​វ​ណ្ណា , លោកមេធាវី ហៀង មករា និង ​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀត តាមដីកាបញ្ជាអោយចូលខ្លួន របស់លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​ករណី ឆបោក​ រំ​លោ​ភលើ​ទំនុកចិត្ត និង​ កំហែង​យក ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។

តាមប្រភពព័ត៌មានដែល TNM NEWS ទើបទទួលបាន នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះ បានអោយដឹងថា ជនសង្ស័យ៣នាក់ រួមមាន ឈ្មោះ ​ហ៊ឹន ត្រឹង ហៅ ​វ​ណ្ណា ជាអាជីវករ និង ជាអ្នកបម្រើអោយឧកញ៉ាល្បីឈ្មោះម្នាក់ នៅខេត្តព្រះសីហនុ , លោកមេធាវី ហៀង មករា និង អ្នកពាក់ព័ន្ធម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ។

ដោយឡែក តាមលិខិតរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានគោរពជូនលោកអភិបាលខេត្តព្រះសីហនុ និង ជា ប្រធានគណៈកម្មការទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ១៩ ក្នុងកម្មវត្ថុ សុំពិនិត្យ និង យកសំណាក ដើម្បីបន្តនីតិវិធី បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។

ពាក់ព័ន្ធបញ្ហានេះ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះ TNM NEWS មិនអាចសុំការបញ្ជាក់បន្ថែមពីការឃាត់ខ្លួនលោកមេធាវី ហៀង មករា ពីសំណាក់ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី បាននៅឡើយទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។

ដោយឡែក លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ថ្លែងថា សមត្ថកិច្ចកងរាជអាវុធហត្ថ កំពុងធ្វើការ ។

ជាមួយគ្នានេះ លោកមេធាវី ហៀង មករា ក៏ TNM NEWS មិនអាចសុំការបំភ្លឺ បានដែរ ដោយសារ ទូរស័ព្ទចូលហើយ បានចុចបិទ ទៅវិញ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបថា ជនសង្ស័យទាំង៣នាក់ ត្រូវដាក់អោយធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ សិន ទើបបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង