ក្រុមឈ្មួញជួញធ្យូងឆ្លងដែនខុសច្បាប់ បន្តសកម្មភាពរាល់ថ្ងៃ ខណៈមន្ត្រីឈរជើងតាមគោលដៅលួចឃុបខិត
ក្រចេះ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បានបង្ហើបឱ្យដឹងថា សកម្មភាពក្រុមឈ្មួញដឹកអនុផលព្រៃឈើប្រភេទ(ធ្យូង)ឆ្លងដែនទៅប្រទេសវៀតណាម តាមរថយន្តសាំយ៉ុងកែច្នៃនៅតែកើតមានជារៀងរាល់យប់ ទោះបីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមួយនេះ គំរាមដកមន្ត្រីគោលដៅទាំងបីបញ្ឈរជើង កាលពីប៉ុន្មានខែមុនក៏មន្ត្រីគ្រាប់ល្ពៅទាំងនោះនៅតែបន្តលួចឃុបឃិតជាមួយឈ្មួញដដែល…។ ប្រជាពលរដ្ឋបានឲ្យដឹងថាសកម្មភាពក្រុមឈ្មួញដឹកធ្យូងឆ្លងដែនខុសច្បាប់ ដោយសង្កេតឃើញថា ករណីដឹកធ្យូងឆ្លងដែននៅតែបន្តកើតមានជាហូរហែ ដោយក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនពីតំបន់ផ្សេងៗនៅក្នុងទឹកដីខេត្តក្រចេះ នាំទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងD៣ (ដេបី) និងតាមច្រកទ្វេភាគីជ័យឃ្លាំង ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដើម្បីនាំយកធ្យូងទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ។ ទោះយ៉ាងណា សកម្មភាពនៃការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់នេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ធ្លាប់បានចេញសារសំឡេងតាមប្រព័ន្ធ what up និងTelegram ព្រមានដកដំណែងមន្ត្រីអាវុធហត្ថបីនាក់ដែលប្រចាំការនៅគោលដៅ ហើយបណ្តោយឱ្យឈ្មួញដឹកធ្យូងចេញបាន គឺលោក លន់ ប៊ុនថុល មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល លោកសួន ប៊ុណ្ណា មេទិសប្រចាំការបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិស្រុកស្នួល និងលោក ម៉ក់ ពីយ៉ុត ទទួលទិសតាមក្រវាត់ព្រំដែនតំបន់ឃុំក្រញូងសែនជ័យ ប្រសិនបើនៅតែបន្តបើកដៃឱ្យមានការដឹកជញ្ជូនធ្យូងឆ្លងដែនជាបន្តទៀត។ ជាក់ស្ដែងកាលពីថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានឃើញសកម្មភាពនៃការដឹកជញ្ជូនផលអនុផលព្រៃឈើ រួមមាន៖ ធ្យូង និងឈើឆ្លងដែនខុសច្បាប់នៅតែបន្តកើតមានជាហូរហែ នៅតាមច្រករបៀងងាំ ច្រកទ្វេរភាគីជ័យឃ្លាំង និងច្រករបៀងD៣ (ដេបី)។ បន្ទាប់ពីទទួលបានព័ត៌មាននេះហើយ អង្គភាពសារព័ត៌មាន ធី អិន អឹម មិនអាចទាក់ទងសុំការបភ្លឺពីលោកវីរសេនីយ៍ត្រីលន់ ប៊ុនថុល មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួលដែរ ប៉ុន្តែមិនបានសម្រេចអង្គភាពសាព័ត៍មានអី អិន អឹម រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក៉ព័ន្ធ៕ សម្រួលដោយ ទៀង បុណ្ណរី