ជំនាញមជ្ឈមណ្ឌលស្រាវជ្រាវ គ្រោងនឹងសាកល្បងបង្កាត់ពូជ«ត្រីខ្យា» នៅខេត្តស្ទឹងត្រែង
អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ គ្រោងសាកល្បងបង្កាត់ពូជត្រីមួយប្រភេទដែលមានឈ្មោះថា «ត្រីខ្យា» ជំនួសត្រីធម្មជាតិ ដើម្បីកុំឲ្យវាផុតពូជ។ លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផលក្តាប់ការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ បាននិយាយថា នៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់តាំងពីមជ្ឈមណ្ឌលសម្ពោធប្រើប្រាស់ជាផ្លូវការមក ការផលិតពូជត្រីមានដូចជា ត្រីឆ្ពិន ត្រីអណ្ដែង ត្រីប្រា និងត្រីទីឡាព្យាជាដើម។ លោក ប៊ុន រ៉ាស៊ី បាននិយាយទៀតថា នៅពេលដ៏ឆាប់ខាងមុខ នឹងមានការចិញ្ចឹមពូជ«ត្រីខ្យា» ដែលជាត្រីកម្រមួយប្រភេទក្នុងតំបន់ទឹកសាបខេត្តស្ទឹងត្រែងផងដែរ។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្នើសុំដល់អភិបាលខេត្ត សូមចូលរួមជួយសហការរកទីផ្សារគាំទ្រទិញកូនត្រីពីកន្លែងផលិតកូនត្រីដ៏ធំមួយនេះ ក្រោយពីផលិតបាន។ លោករដ្ឋមន្ត្រីកសិកម្មថ្មី បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញនៅស្ថានីយស្រាវជ្រាវ និងបង្កាត់ពូជត្រី ដើម្បីធ្វើការសាកល្បងចិញ្ចឹម«ត្រីខ្យា» ក្រសួងកសិកម្ម គាំទ្រ និងជួយជាថវិកាទៅលើគម្រោងនេះ បើកាលណាចិញ្ចឹមបានជោគជ័យ យើងក៏អាចផ្សព្វដល់ប្រជាជនចិញ្ចឹមបន្តបានទៀតផង។ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឲ្យដឹងដែរថា បើសិនជាគម្រោងចិញ្ចឹម«ត្រីខ្យា» ជាប្រភេទត្រីក្នុងស្រុកអាចផលិតបាន លោកយល់ឃើញថា ពេលគម្រោងជោគជ័យ ប្រជាជននឹងចាប់អារម្មណ៍ ហើយងាកមកធ្វើវារីវប្បកម្មប្រភេទត្រីក្នុងស្រុក។ ពេលនោះ ខាងជំនាញផលិតត្រីក្នុងស្រុក ក៏មានកម្លាំងផលិតត្រីក្នុងស្រុក ដែលមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ និងត្រីផ្សេងៗទៀត ឲ្យកាន់តែច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ បើកសម្ពោធដាក់ឲ្យដំណើរការ កាលពីឆ្នាំ ២០២១ ហើយបានចំណាយថវិកាអស់ ១ លាន ៧ សែនដុល្លារ លើផ្ទៃដីជាង ១០ ហិកតា៕ សម្រួលដោយ ទៀង បុណ្ណរី