គិតត្រឹមម៉ោង១២ថ្ងៃនេះ កម្ពុជារកបានមេដាយមាស៥គ្រឿង ខណៈឥណ្ឌូណេស៊ីបន្តនាំមុខ

អាស៊ានប៉ារ៉ាហ្គេម៖ យោងតាមតារាងមេដាយអាស៊ានប៉ារ៉ាហ្គេម ក្រុមអត្តពលិកជនមានពិការភាពកម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​២៩​គ្រឿង ​ក្នុង​នោះ​មេដាយមាស៥ មេដាយប្រាក់១១ និង​មេដាយសំរឹទ្ធ​១៣  បន្ទាប់ពីកីឡាករ-កីឡាករិនីកម្ពុជា ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធបន្ថែម ខណៈប្រទេសឥណ្ឌូណេស៊ីនៅបន្តនាំមុខលើកំពូលតារាង គិតត្រឹមម៉ោង១៣ៈ០០នាទីថ្ងៃទី០៦មិថុនានេះ…។ ​មេដាយមាសដែលអត្តពលិកជនមានពិការភាពកម្ពុជា ទទួលបានកន្លងមក គឺវិញ្ញាសាលោតចម្ងាយនារី T៦៤, វិញ្ញាសាបាល់បោះរទេះរុញនារី ៣×៣ និងវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រT៤៤ផ្នែកនារី។ ប៉ុន្តែនៅថ្ងៃទី០៦មិថុនានេះ កីឡាការិនីកម្ពុជា២រូប ដណ្តើមបានមេដាយមាស២គ្រឿងបន្ថែមទៀត គឺកីឡាការិនី យិន សូត និងកីឡាការិនី ងួន រតនា ដែលបានឈ្នះមេដាយមាស ក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T១១ និងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ T៤៦។  យ៉ាងណា ក្រុមអត្តពលិកកម្ពុជា នៅតែឈរនៅលេខរៀងទី៨ដដែល ក្នុងចំណោមប្រទេសចូលរួមទាំង ១១ក្នុងតំបន់អាស៊ាន ខណៈដែលប្រទេសឥណ្ឌូណេស៊ីបន្តឈរលើកំពូលតារាងមេដាយ ដោយដណ្តើមបានមេដាយសរុបបានចំនួន១៥៧ (មាស ៦៤ ប្រាក់៥៧ និងសំរឹទ្ធ៣៥) តាមពីក្រោយដោយប្រទេសថៃ ដណ្តើមបានមេដាយសរុប១២៧ (មាស៤៦ ប្រាក់៤៧ និងសំរឹទ្ធ៣៤) និងចំណាត់ថ្នាក់លេខ៣បានទៅលើប្រទេសវៀតណាម៩៧(មាស២៩ ប្រាក់២៦ និងសំរឹទ្ធ៤២)។ សូមបញ្ជាក់ផងដែរថា កាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១​នៅទីក្រុងសូលូ ប្រទេសឥណ្ឌូណេស៊ី ក្រុមអត្តពលិកមានពិការភាពកម្ពុជាដណ្តើមបានមេដាយចំនួន២៨គ្រឿង ក្នុងនោះ មេដាយមាស៧ មេដាយប្រាក់១០ និងមេដាយសំរឹទ្ធ១១។ ចំណែកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានេះវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់គោលដៅត្រឹមមេដាយមាស៨ ដើម្បីបំបែកកំណត់ត្រាឆ្នាំចាស់ប៉ុណ្ណោះ ខណៈក្រុមអត្តពលិកមានពិការភាពកម្ពុជា នៅមានវិញ្ញាសាជាច្រើនទៀតដែលត្រូវប្រកួតប្រជែងដណ្តើមយកមេដាយ…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង