ស្ពាន​ដែល​កំពុង​សាងសង់​បាន​បាក់​ជា​លើក​ទី​២​ក្នុង​មួយ​ឆ្នាំ​នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា

ស្ពានព្យួរមួយដែលកំពុងត្រូវបានសាងសង់នៅក្នុងរដ្ឋក្រីក្របំផុតរបស់ប្រទេសឥណ្ឌាបានបាក់ជាលើកទីពីរក្នុងរយៈពេល ១៤ ខែដោយមានមនុស្សម្នាក់បានរាយការណ៍ថាបានបាត់ខ្លួន នេះបើតាមសារព័ត៌មាន ANI បានរាយការណ៍កាលពីថ្ងៃចន្ទទី ៥ ខែមិថុនា។ ស្ពាននេះកំពុងត្រូវបានសាងសង់នៅលើទន្លេ Ganges ក្នុងទីក្រុង Bhagalpur នៃរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា។ ការសាងសង់គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ប៉ុន្តែប្រឈមនឹងការពន្យារពេលជាច្រើន រួមទាំងការបាក់កាលពីមុនថ្ងៃទី ៣០ ខែមេសាឆ្នាំមុន ដោយសារខ្យល់បក់ខ្លាំង និងភ្លៀង។ ANI បានឱ្យដឹងថា បុរសប្រាំបីនាក់បាននៅលើស្ពាននៅពេលមានការដួលរលំរបស់វាកាលពីថ្ងៃអាទិត្យទី ៤ ខែមិថុនា ដោយមានអ្នកយាមម្នាក់រាយការណ៍ថាបានបាត់ខ្លួន។ គ្មានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះឡើយ ខណៈមិនមានចលនាមនុស្ស ឬយានជំនិះនៅលើស្ពាន។  ប្រមុខរដ្ឋ Bihar លោក Nitish Kumar បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទ ដោយបានសន្យាថា សកម្មភាពដ៏តឹងរឹងលើឧប្បត្តិហេតុនេះ។ លោក​បាន​បន្ត​ថា​៖ «​វា​មិន​ត្រូវ​បាន​សាងសង់​ត្រឹមត្រូវ​នោះ​ទេ​ដែល​ជា​មូលហេតុ​ដែល​វា​បាក់​។​វា​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឱ្យ​កាន់តែ​រឹងមាំ​»។ លោកក៏បានបញ្ជាឱ្យស៊ើបអង្កេតលើករណីនេះផងដែរ។   ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ឥណ្ឌា​ត្រូវ​បានចាត់ទុកថាមានហនិភ័យខ្ពស់​ជា​យូរ​មក​ហើយ​ដោយ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ដែល​ពេល​ខ្លះ​នាំ​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធំៗ​នៅ​លើ​ផ្លូវ​ហាយវ៉េ និង​ស្ពាន។ អ្នកសាងសង់តែងតែប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពអន់ដើម្បីកាត់បន្ថយការចំណាយ។ កាល​ពី​ខែ​តុលា ឆ្នាំ​មុន ស្ពាន​ព្យួរ​សម័យ​អាណានិគម​មួយ​បាន​បាក់​នៅ​ក្រុង Morbi ក្នុង​រដ្ឋ Gujarat ភាគ​ខាង​លិច​បាន​បាក់ ដោយ​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេ Machchhu និង​បាន​សម្លាប់​មនុស្ស ១៣៥​នាក់។ លើសពីនោះ កាលពីថ្ងៃទី ២ ខែមិថុនាកន្លងទៅ ប្រទេសមានប្រជាជនច្រើនសន្ធឹកមួយនេះបានជួបឧប្បត្តិហេតុផ្លូវដែក ដ៏សាហាវបំផុតរបស់ប្រទេសក្នុងរយៈពេលជាង២ទសវត្សរ៍ ដែលបានបណ្តាលអោយមនុស្ស ២៧៥ នាក់ស្លាប់។  ការ​បាក់​ស្ពាន​ចុងក្រោយបង្អស់នេះ​ត្រូវ​បាន​គណបក្ស Bharatiya Janata ​ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋរិះគន់លើគណបក្សកាន់អំណាចផងដែរ។  អ្នកនាំពាក្យគណបក្សប្រឆាំង លោក Shehzad Poonwalla បានពណ៌នាថាវាជា«ស្ពាននៃអំពើពុករលួយ»។ គួរបញ្ជាក់ថា ការសាងសង់ស្ពានប្រវែង ៣,៦ គីឡូម៉ែត្រ បានចាប់ផ្តើមនៅក្នុង ២០១៤ ប៉ុន្តែវាបានរងការពន្យារពេល ហើយគ្រោងនឹងសម្ពោធនៅចុងឆ្នាំនេះ ដែលតភ្ជាប់ទីក្រុង Bhagalpur ជាមួយទីក្រុង Khagaria ដែលមានចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ។ វាត្រូវបានសាងសង់ដោយក្រុមហ៊ុនឯកជនមួយក្នុងតម្លៃ ១៧ ពាន់លានរូពីឬស្មើនឹង ២០៨ លានដុល្លារ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង