អ្នកចាំទី ស៊ូ យ៉ាទី និងហ៊ុល គីមហ៊ុយ សម្តែងការខកចិត្ត ក្រោយមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា

បាល់ទាត់៖ អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី របស់ក្រុមណាហ្គាវ៉ើលដ៍ និងអ្នកចាំទី ហ៊ុល គីមហ៊ុយ របស់ក្រុមវិសាខា បានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីមិនមានឈ្មោះក្នុងបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិ តទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះ បន្ទាប់ពីមិនមានឈ្មោះក្នុងបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា អ្នកចាំទី ស៊ូ យ៉ាទី របស់ក្រុមណាហ្គាវ៉ើលដ៍ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងក្ដីឈឺចាប់ថា៖ «ទោះជាខំប្រឹងយ៉ាងណា ក៏វានៅតែគ្មានឱកាសសម្រាប់ខ្ញុំ។ ហើយវាពិតជាអយុត្តិធម៌សម្រាប់ខ្ញុំណាស់» ចំណែក អ្នកចាំទី ហ៊ុល គីមហ៊ុយ របស់ក្រុមវិសាខា ក៏បានបង្ហោះរូបភាពស-ខ្មៅ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុង Story ភ្ជាប់ជាមួយនឹងរូបភាពពាក់ឈុត​ឯកសណ្ឋានរបស់ក្រុមជម្រើសជាតិកម្ពុជា បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ពេលបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា មិនមានឈ្មោះគេ។  អ្នកចាំទី ស៊ូ យ៉ាទី របស់ក្រុមណាហ្គាវ៉ើលដ៍ ត្រូវបានគ្រូបង្គោលភ្នំពេញក្រោន លោក អូឡេក ស្តារីនស្គី Oleg Starynskyi សរសើរមិនដាច់ពីមាត់ថា៖ «ស៊ូ យ៉ាទី គឺជាអ្នកចាំទីល្អជាងគេនៅក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្ន ជាពិសេសក្នុងការជួយឱ្យក្រុមរបស់គេទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodia League Cup ឆ្នាំ២០២៣»។  ចំណែកឯអ្នកគាំទ្ររបស់ក្រុមទាំងពីរ ក៏បាននិយាយផងដែរថា៖ ណាហ្គាវ៉ើលដ៍ ប្រសិនបើគ្មាន ស៊ូ យ៉ាទី ប្រហែលជាមិនអាចទ្បើងដល់វគ្គនេះទ្បើយ។ តែយ៉ាងណា អ្នកចាំទី អ៊ុំ វិចិត្រ របស់ក្រុមភ្នំពេញ, រ៉េត លីហេង (ដៃទី២) របស់ក្រុមណាហ្គាណាវ៉ើលដ៏ និង កែវ សុខសិលា របស់ក្រុមវិសាខា ត្រូវបានលោក Félix Dalmás ជាគ្រូបង្គោល កោះហៅចូលក្រុមជម្រើសជាតិកម្ពុជាទៅវិញ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង