សម្ដេច ស ខេង៖ មេដាយដែលអត្តពលិកនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទទួលបាន គឺជាការរួមចំណែកដណ្ដើមមេដាយជូនរាជរដ្ឋាភិបាល និងជាតិទាំងមូល

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកលទ្ធផលនៃចំនួនមេដាយដែលអត្តពលិកនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទទួលបាននៅព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាជាម្ចាស់ផ្ទះ មិនត្រឹមតែក្រសួងមហាផ្ទៃតែមួយនោះទេ គឺជាការរួមចំណែកដណ្ដើមមេដាយជូនរាជរដ្ឋាភិបាល និងជាតិទាំងមូល។  ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផលនៃចំនួនមេដាយដែលអត្តពលិកក្រសួងមហាផ្ទៃរួមចំណែកដណ្ដើមបាននេះថាកិត្តិយសរបស់រាជរដ្ឋាភិបាល និងកិត្តិយសរបស់ជាតិទាំងមូល។ សម្ដេចបានថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត និងបានជូនពរអត្តពលិក និងកីឡាករកីឡាករិនីក្រសួងមហាផ្ទៃទាំងអស់សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិនាពេលខាងមុខ។  ដោយឡែក ពាក់ព័ន្ធការផ្ដល់ក្របខណ្ឌជូនអ្នកមានស្នាដៃ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា គោលការណ៍នៃការផ្ដល់ក្របខណ្ឌជូនអ្នកមានស្នាដៃ និងការរៀបចំក្របខណ្ឌមន្រ្តីនគរបាលជាតិជាប្រចាំឆ្នាំ ដោយបញ្ជាក់ថាជាគោលការណ៍ ក្រសួងមិនបានស្នើសុំសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនូវចំនួនក្របខណ្ឌលើសពីភាពជាក់ស្ដែងនោះទេ។ ភាពជាក់ស្ដែងត្រូវបានសម្ដេចពន្យល់ថាបើនៅក្នុងឆ្នាំចាស់មានមន្រ្តីចូលនិវត្តន៍ ឬបញ្ឈប់ ឬដោយប្រការណាមួយក្នុងចំនួន៣ពាន់នាក់ ក្រសួងនឹងស្នើសុំបំពេញបន្ថែមតែ៣ពាន់នាក់នោះទេ ពោលគឺមិនអាចស្នើសុំលើសដែលនាំឱ្យប៉ះពាល់ដល់ការចំណាយរបស់រដ្ឋនោះទេ។  យោងតាមរបាយការណ៍របស់ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមមេដាយចំនួន ២៨២គ្រឿងដែលកម្ពុជាដណ្ដើមបានពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានរួមចំណែកយ៉ាងធំធេងដោយដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣៥គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធ៦៣។ បើគិតជាភាគរយ ស្មើនឹង ៤៦,៨ភាគរយ ហើយកាន់តែមោទកភាព និងក្ដីរីករាយទៀតនោះ ដោយកីឡាការិនីជាកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ គឺកីឡាការិនីប៉ាល់ ឆរស្មី បានជាប់ជាអត្តពលិកឆ្នើមបំផុត ដោយដណ្ដើមេដាយសរុបចំនួន៦គ្រឿង លើប្រភេទកីឡាវូវីណាម រួមមានមេដាយមាស៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ ខណៈអត្តពលិកក្រសួងមហាផ្ទៃម្នាក់ទៀតដណ្ដើមមេដាយមាសចំនួន៣គ្រឿងម្នាក់ឯង និង៩រូបផ្សេងទៀតដណ្ដើមបានមេដាយមាសម្នាក់២គ្រឿង។  សូមបញ្ជាក់ផងដែរថា អត្តពលិកនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម មានចំនួន២២៤ នាក់ ចំណែកថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក មន្ត្រីបច្ចេកទេសមានចំនួន២៥៨នាក់ ដែលសរុប៤៨២នាក់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង