អាមេរិក មិនទាន់អាចទាយពេលវេលានៃកិច្ចចរចាសន្តិភាពដើម្បីដោះស្រាយជម្លោះ អ៊ុយក្រែន នៅឡើយទេ
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនក្នុងការទស្សន៍ទាយថា នៅពេលណាដែលកិច្ចចរចាសន្តិភាពដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន អាចចាប់ផ្តើមនោះទេ ។ លោក Sullivan បានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អាមេរិកមួយថា “ខ្ញុំមិនអាចវិភាគលើបញ្ហានេះឡើយ ព្រោះដូចដែលអ្នកបានដឹងហើយ សង្រ្គាមគឺមិនអាចទាយទុកជាមុនបានទេ ។ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងសមរភូមិនាពេលនេះ នឹងមានឥទ្ធិពលយ៉ាងច្បាស់លាស់ទៅលើរបៀបដែលការសន្ទនាស្តីពីសន្តិភាព អាចដំណើរការបាន ។ ប៉ុន្តែទោះជាយ៉ាងណា ទីបំផុតជម្លោះនៅអ៊ុយក្រែននឹងបញ្ចប់នៅលើតុចរចា” ។ មន្ត្រីរូបនេះបានកត់សម្គាល់ទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានបំណងជួយក្រុងកៀវឲ្យមានការរីកចម្រើនតាមដែលអាចធ្វើទៅបាននៅលើសមរភូមិ ដើម្បីអាចឲ្យប្រទេសនេះដណ្តើមបានទីតាំងដ៏មានអត្ថប្រយោជន៍បំផុតនៅតុចរចាសន្តិភាពនាពេលអនាគត ។ គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបាននឹងកំពុងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវសព្វាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត រថក្រោះ កាំភ្លើងធំបាញ់ស្វ័យប្រវត្តិ និងកាំភ្លើងបាញ់ប្រឆាំងយន្តហោះ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុនមក ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងមូស្គូបានព្រមានថា ការប្រគល់សព្វាវុធបែបនេះមិនរួមចំណែកដល់ដំណោះស្រាយដោយសន្តិវិធីនោះទេ ហើយថែមទាំងធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងផងដែរ ៕ សម្រួល ទៀង បុណ្ណរី