ជប៉ុន ជម្លៀសមនុស្សរាប់ម៉ឺននាក់ ដោយសារព្យុះ Mawar

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៃប្រទេសជប៉ុន បានសម្លាប់មនុស្សម្នាក់ និងបណ្តាលឲ្យមនុស្សពីរនាក់បាត់ខ្លួន ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀស ខណៈអគ្គិសនី​ត្រូវបានកាត់ផ្តាច់។  ទឹកជំនន់គឺបង្កឡើងដោយចំហាយនៃព្យុះទីហ្វុង Mawar ប៉ុន្តែឥឡូវ ព្យុះនេះ ត្រូវបានគេទម្លាក់កម្រិត មកជាព្យុះត្រូពិកវិញហើយ។  ក្រុមជួយសង្គ្រោះនៅក្រុង Toyohashi នៃតំបន់ Aichi ភាគកណ្តាល បានរកឃើញបុរសម្នាក់ក្នុងវ័យ៦០ឆ្នាំប្លាយ ស្លាប់នៅក្នុងរថយន្តដែលត្រូវទឹកលិច។  ចំណែកនៅទីក្រុង Wakayama ភាគខាងលិច ក្រុមមន្ត្រីបានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា ពួកគេកំពុងបន្តស្វែងរកបុរសម្នាក់ និងស្ត្រីម្នាក់ដែលបាត់ខ្លួន។  ដោយឡែក នៅកណ្តាល និងភាគខាងលិចប្រទេសជប៉ុន អាជ្ញាធរបានចេញបញ្ជាជម្លៀសប្រជាជន ហើយនៅ​តំបន់​ជិត​ទីក្រុង​តូក្យូ​ អាជ្ញាធរ ក៏បានចេញការព្រមានថ្មី ​អំពី​ហានិភ័យ​ទឹកជំនន់ផងដែរ។  លើសពីនេះ ដោយសារតែទីក្រុងមួយចំនួន រួមទាំង Toyohashi និង Koshigaya បានជួបប្រទះភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់បំផុតនៅរយៈពេល២៤ម៉ោងចុងក្រោយនោះ, ទីភ្នាក់ងារឧតុនិយមជប៉ុន បានជំរុញឲ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដី ទឹកទន្លេឡើងផុតច្រាំង និងជំនន់នៅតំបន់ទំនាប៕ ​ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង