យ៉ាងហោចណាស់មនុស្ស ២០៧ នាក់បានស្លា.ប់ និង ៩០០ នាក់ទៀតរងរបួសក្នុងឧប្បត្តិហេតុរថភ្លើងបុកគ្នានៅឥណ្ឌា

យ៉ាងហោចណាស់មនុស្ស ២០៧ នាក់បានស្លាប់ និង ៩០០ នាក់បានរងរបួសនៅពេលដែលរថភ្លើងដឹកអ្នកដំណើរ ២ បានបុកគ្នានៅក្នុងរដ្ឋ Odisha កាលពីថ្ងៃសុក្រទី ២ ខែមិថុនា នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលនៅរដ្ឋភាគខាងកើតប្រទេសឥណ្ឌា ដែលជាឧបទ្ទវហេតុផ្លូវដែកដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌាក្នុងរយៈពេលជាងមួយទសវត្សរ៍។  ប្រមុខរដ្ឋ លោក Pradeep Jena បានរៀបរាប់លើបណ្តាញសង្គមធ្វីតធ័រថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។ លោក Sudhanshu Sarangi អគ្គនាយកនៃនាយកដ្ឋានពន្លត់អគ្គីភ័យនៅរដ្ឋ Odisha បានប្រាប់សារព័ត៌មានរ៉យទ័រថា រហូតមកដល់ពេលនេះសាកសពចំនួន ២០៧ ត្រូវបានគេរកឃើញ។ រូបភាពពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញក្រុមអ្នកជួយសង្រ្គោះ ឡើងលើរថភ្លើងដែលបាក់បែកខ្ទេចខ្ទី ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការមកដល់នៃរថយន្តសង្គ្រោះបន្ទាន់ជាច្រើន និងមនុស្សដែលត្រូវបានទាញចេញពីរថភ្លើងដែលក្រឡាប់។   សាក្សីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរសព្ទថា៖«ខ្ញុំនៅទីនោះនៅកន្លែងនោះ ហើយខ្ញុំអាចឃើញឈាម ដៃជើង និងមនុស្សស្លាប់នៅជុំវិញខ្ញុំ»។ យុវជនរាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុង Soro នៃរដ្ឋ Odisha ដើម្បីបរិច្ចាគឈាម។  រដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកលើផ្លូវដែក លោក Ashwini Vaishnaw បានរៀបរាប់លើបណ្តាញសង្គមធ្វីតធ័រកាលពីល្ងាចថ្ងៃសុក្រថា ក្រុមជួយសង្គ្រោះត្រូវបានប្រមូលផ្តុំពីទីក្រុង Bhubaneswar របស់រដ្ឋ Odisha និងទីក្រុង Kolkata ក្នុងរដ្ឋ West Bengal ។ ទន្ទឹមនឹងនោះ កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានឱ្យដឹងថា ក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិចំនួន ៣ កំពុងស្ថិតនៅកន្លែងគ្រោះថ្នាក់ដើម្បីជួយសង្គ្រោះមនុស្ស ហើយក្រុមចំនួន ៦ ទៀតកំពុងត្រូវបានចល័ត។ មន្ត្រីផ្លូវដែកបានបញ្ជាក់ថា ការបុកគ្នានេះបានកើតឡើងនៅម៉ោងប្រហែល ៧ យប់ ម៉ោងក្នុងស្រុក នៅពេលដែលភ្លើង Howrah Superfast Express ដែលរត់ពីទីក្រុង Bangalore ទៅកាន់ទីក្រុង Howrah រដ្ឋ West Bengal បានធ្លាក់ផ្លូវ ហើយបានបុកជាមួយរដ្ឋភ្លើង Coromandel Express ដែលរត់ពីទីក្រុង Kolkata ទៅទីក្រុង Chennai ។  អាទិភាពរបស់អាជ្ញាធរគឺការបញ្ជូនអ្នកនៅរស់ទៅកាន់មន្ទីរពេទ្យ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានលើកឡើងនៅលើធ្វីតធឺថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅកន្លែង ហើយជំនួយដែលអាចធ្វើទៅបានកំពុងត្រូវបានផ្តល់ទៅឱ្យអ្នករងគ្រោះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង