ប្រទះឃើញក្រឡជាច្រើនក្នុងបាតសមុទ្រមានអាយុកាលរាប់រយឆ្នាំ
សមុច្ច័យកុលាលភាជន៍ដែល កងកម្លាំងនៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ ដែលទើបរកឃើញ ហើយស្រង់យកពីសំពៅជំនួញ លិចក្នុងភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី នាពេលថ្មីៗនេះ បើតាមការសិក្សាប្រៀបធៀបគេអាចសន្មតថា សំពៅដឹកទំនិញជំនួញនេះ ប្រហែលស្ថិតនៅចន្លោះ ស.វ.១៥ ស.វ.១៧ នៃគ.ស. ឬអាចនិយាយបានថា ស្ថិតនៅរវាង ៣០០ឆ្នាំ ទៅ ៥០០ឆ្នាំ មុនពេលបច្ចុប្បន្ន។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក អ៊ុក សុខា អគ្គនាយ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារនៃ អគ្គនាយកបេតិកភណ្ឌ សហការជាមួយ លោកឧត្តមនាវាទោ លី ហួត មេបញ្ជាការសន្តិសុខលម្ហសមុទ្រ មន្ត្រីជាន់ខ្ពស់នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការ ជាតិសន្តិសុខលំហសមុទ្រ ចុះពិនិត្យ និងវាយតម្លៃពីសមុច្ច័យកុលាលភាជន៍ ជាច្រើនប្រភេទ ដូចជាពាងត្រចៀកបួន, ក្រឡត្រចៀកបួន, ខួច, ក្អម, ចាន, ឆ្នាំង, ជើងក្រាន រួមទាំងវត្ថុផ្សេងៗជាច្រើនទៀត។ ហើយបច្ចុប្បន្ននេះ ត្រូវបានកងកម្លាំងនៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន ដែលបានរកឃើញ និងយកមករក្សាទុកនៅទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ នៅសាលាហ្វឹកហ្វឺនកងទ័ពជើងទឹកក្នុងខេត្តព្រះសីហនុ។ យ៉ាងណាមិញ ក្នុងនោះកុលាលភាជន៍ភាគច្រើន ត្រូវបានសន្និដ្ឋានថា ពួកវាត្រូវបានដុតក្នុងកម្ដៅខ្ពស់ និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់ ដូចជា ឡមេណាំណយ និងឡស្រីសជនាល័យ ក្នុងខេត្តសិង្ហបុរី និងសុខោទ័យ ក្នុងប្រទេសថៃសព្វថ្ងៃនេះ ។ដោយឡែកចំពោះ ភាជន៍ផលិតបែបប្រពៃណី គេបានឱ្យដឹងថា គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា។ ស្របពេលជាមួយគ្នានោះ លោក អ៊ុក សុខា បានស្នើសុំ លោក ឧត្តមនាវាទោ លី ហួត ជួយសហការការការពារតំបន់សំពៅលិចដោយបោះ ផ្ទាំងសញ្ញាសម្គាល់តំបន់អភិរក្សបេតិកភណ្ឌក្រោមទឹកក្នុងភូមិសាស្ត្រសំពៅលិច និងបានសុំប្រគល់វត្ថុដែលបានរកឃើញជូនក្រសួង វប្បធម៌ និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិ ជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី