តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី និងរថយន្ដម៉ាក TOYOTA TACOMA មួយគ្រឿង រួមទាំងសម្ភារមួយចំនួនត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីការតខ្សែភ្លើងខុសបច្ចេកទេស។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអណ្ដាលភ្លើងឆាបឆេះនេះមានឈ្មោះ សុខ វ៉ិត ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ ចាន់ថន អាយុ៣៦ឆ្នាំ។ ក្នុងរបាយការណ៍បញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះមានទំហំ៥ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី និងរថយន្ដមួយគ្រឿងម៉ាក TOYOTA TACOMA (2002) មួយគ្រឿង រួមទាំងសម្ភារក្នុងផ្ទះមួយចំនួនត្រូវអណ្ដាតភ្លើងឆេះអស់ទាំងស្រុង។ តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន និងកម្លាំងជំនាញដែលបានស្រាវជ្រាវដឹងថា ករណីបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ ដែលតខ្សែតំណច្រើនកន្លែង មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏សំណូមពរដល់ពលរដ្ឋ ត្រូវពិនិត្យលើចំណុចនេះដើម្បីជៀសវាងគ្រោះមហន្ដរាយកើតឡើងជាយថាហេតុ៕ សម្រួលដោយ ទៀង បុណ្ណរី