ខេត្តនៃប្រទេសថៃ ចំនួន១០ ប្រឈមជំនន់ទឹកភ្លៀង និងការបាក់ដី
កាលពីថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញសេចក្តីជូនដំណឹង អំពីភ្លៀងមូសុងខ្លាំង ដែលនឹងប៉ះពាល់ដល់ខេត្តចំនួន១០ ហើយជំរុញឲ្យមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងនិងបំណាក់ដី ខណៈឥទ្ធិពលនេះ នឹងបន្តរហូតដល់ថ្ងៃទី៦ ខែមិថុនា ហើយប៉ះពាល់ដល់សមុទ្រ Andaman និងឈូងសមុទ្រថៃផងដែរ ។ យោងតាមសេចក្តីជូនដំណឹង, ភ្លៀងមូសុងនិរតី កាន់តែមានកម្លាំងខ្លាំងឡើងៗ ដែលបណ្តាលឲ្យមានទឹករលកកម្ពស់ពី ២ ទៅ ៣ម៉ែត្រ ក្នុងសមុទ្រ Andaman ហើយនៅតំបន់ខ្លះ ទឹករលកអាចឡើងដល់កម្ពស់ជាង ៣ម៉ែត្រឯណោះ។ ទន្ទឹមនោះ ឈូងសមុទ្រថៃ ក៏នឹងជួបប្រទះទឹករលកកម្ពស់ ១ទៅ២ម៉ែត្រផងដែរ ខណៈប្រជានេសាទនៅតំបន់ទាំងនោះ ត្រូវបានជំរុញឲ្យមានការប្រុងប្រយ័ត្ន និងចៀសវាងការចេញទៅនេសាទនៅសមុទ្រ រហូតដល់ថ្ងៃទី៦ខែមិថុនា។ លើសពីនេះ ភ្លៀងមូសុងជាបន្តបន្ទាប់ ត្រូវបានគេព្យាករសម្រាប់តំបន់ឆ្នេរនៅភាគខាងត្បូងប្រទេសថៃ ពោលភ្លៀងធ្លាក់ខ្លាំងនេះ ត្រូវបានគេរំពឹងថា នឹងកើតឡើងនៅក្នុងខេត្ត Chon Buri, Rayong, Chanthaburi, Trat, Ranong, Phang Nga, Phuket, Krabi, Trang និង Satun។ ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនេះ ត្រូវបានគេប្រាប់ឲ្យប្រុងប្រយ័ត្ន ចំពោះផលប៉ះពាល់ដែលអាចកើតមានពីភ្លៀងធ្លាក់ខ្លាំង ដូចជាជំនន់ទឹកភ្លៀង ទឹកហូរកាត់ព្រៃ ទឹកហៀរប្រឡាយ និងការបាក់ដីជាដើម៕
សម្រួលដោយ ទៀង បុណ្ណរី