ACCB បង្កើតកន្លែងបង្កាត់ពូជសត្វ «ខ្សឹប» ដំបូងគេបង្អស់នៅលើពិភពលោក

សៀមរាប៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ  បានបង្កើតកន្លែងបង្កាត់ពូជសត្វ «ខ្សឹប» ដំបូងគេបង្អស់នៅលើពិភពលោក ក្នុងគោលបំណងទប់ស្កាត់កុំឱ្យផុតពូជ។ សត្វខ្សឹប គឺជាប្រភេទបក្សីកម្រ ដែលកំពុងរងគ្រោះជិតផុតពូជ និងត្រូវបានគេប៉ាន់ស្មានថា នៅប្រមានតែ៥០០ក្បាលតែប៉ុណ្ណោះនៅប្រទេសកម្ពុជា។  ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ នាថ្ងៃទី១ ខែមិថុនា កញ្ញា CRISTAEL នាយិកា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា គម្រោងអភិរក្សសត្វខ្សិបយើងបានប្រមូល​ពង និងសត្វដែលមានបញ្ហាយកមកតំបន់ធម្មជាតិ ដើម្បីមកបង្កាត់និងថែទាំ។  លោកស្រីថា៖ «ពងសត្វខ្សឹប ដែលប្រមូលបានពីព្រៃក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនោះ។ កូនសត្វទាំងអស់ត្រូវបានចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ។ កូនដែលបង្កាត់បានទាំងអស់នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត»។ កញ្ញាបន្ថែមថា ប៉ុន្តែរហូតដល់ឥឡូវនេះយើងមិនទាន់បានលែងនោះទេ ព្រោះយើងអនុវត្តន៍គម្រោងសត្វដោយកម្រនេះ យើងអនុវត្តន៍គម្រោងរយៈពេលវែង​រហូតដល់២០ឆ្នាំ ដែលយើងអាចថាបានចំនួនច្រើន ដែលអាចធានាថាវាអាចបន្តពួជនៅខាងមុន។ តែយ៉ាងណាលោកស្រីអះអាងថា ការបង្កាត់ពូជសត្វខ្សិបវាពិបាក ប៉ុន្តែយើងមានបុគ្គលិកជំនាញខាថែទាំសត្វ ហើយបន្ទាប់មកទៀតយើងបានបណ្តុះបណ្តាល ក្រុមការងារនៅក្នុងសហគមន៍តែម្ដង។  ដោយឡែកលោកនេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)ជាកន្លែងទី១ ដែលជោគជ័យទៅលើកការបង្កាត់ពូជសត្វខ្សិប ដែលជាសត្វកម្រ។​ លោកថា«មជ្ឈមណ្ឌលនេះ ជាមជ្ឈមណ្ឌលទី១របស់ប្រទេសកម្ពុជាយើង។ ហើយបើយើងនិយាយពីបច្ចេកទេស មួយចំនួនដែលពាក់ព័ន្ធការបង្កាត់ពួជ ដូចជាប្រភេទសត្វខ្សិប មជ្ឈមណ្ឌលនេះ គឺមានតែមួយទេនៅលើពិភពលោក»។ លោកបន្ថែមថា «បើនិយាយពីបណ្តាលប្រទេសផ្សេងៗ ដូចជាប្រទេសឥណ្ឌាជាដើម ដែលមានសត្វខ្សិបរស់នៅចឹងដែរ គាត់បានស្នើសុំមកសិក្សា ព្រោះកន្លែងនេះ យើងទទួលបានជោគជ័យទាំងការបង្កាត់ពួជរវាងសត្វខ្សិបញី និងឈ្មោល ដែលនៅក្នុងទីតាំងនេះវាផ្តល់ពង ហើយការប្រមូលពងពីជម្រកធម្មជាតិ យកមកបង្កាត់វាក៏វាទទួលបានជោគជ័យដែរ នេះជាចំណុចមួយដែលមានសារសំខាន់»។  សូមបញ្ជាក់ថា សត្វខ្សឹប ឬ Bengal Florican (គឺជាប្រភេទបក្សីដ៏កម្របំផុតមួយនៅក្នុងពិភពលោកដែលត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ សត្វខ្សឹបត្រូវបានគេប៉ាន់ស្មានថា នៅកម្ពុជាមានប្រមាណ៥០០ក្បាលតែប៉ុណ្ណោះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង