មហាអំណាចនុយក្លេអ៊ែរ រាយអន្ទាក់ដើម្បីកៀរគរកម្លាំងធ្វើសង្គ្រាម

ភ្នំពេញ៖ ប្រទេសមហាអំណាច បានពង្រាយនូវអន្ទាក់ល្បួងប្រទេសពាក់ព័ន្ធលើសកលលោកដើម្បី ការចូលរួមបំរើមហិច្ឆតាធ្វើសង្គ្រាមប្រឆាំងគ្នាទៅវិញទៅមក។ ក្នុងសប្តាហ៍នេះ រូបភាពនៃអន្ទាក់យ៉ាងហោចចំនួន២ បានលេចឡើង គឺ NATO-Plus ដែលជាអន្ទាក់របស់ក្រុមប្រទេសលោកខាងលិច និងកិច្ចព្រមព្រៀងរដ្ឋសហភាព បេឡារុស និងរុស្ស៊ី ដែលជាអន្ទាក់របស់ប្រទេសលោកខាងកើត។ តើនឹងមានប្រទេសណាខ្លះ នឹងធ្លាក់ចូលក្នុងអន្ទាក់ទាំងនេះ?  ខណៈដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងគៀងគរទាញប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌាឱ្យចូលរួមក្នុងអង្គការ NATO-Plus, ប្រទេសបេឡារុស ក៏កំពុងលេង ល្បែងស្រដៀងគ្នាដោយការចង់អូសទាញប្រទេសដទៃដើម្បីចូលរួមក្នុងសហភាពបេឡារុស និងរុស្ស៊ី។ ប្រធានាធិបតីបេឡារុស Alexander Lukashenko បានអះអាងថា ប្រទេសណាដែលមានឆន្ទៈ «ចូលរួមជាមួយសហភាពរុស្ស៊ី និងបេឡារុស» ប្រទេសនោះនឹងត្រូវបានផ្តល់អាវុធនុយក្លេអ៊ែរ។  ការអះអាងនេះបានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនៃការបញ្ជាក់ការផ្ទេរអាវុធនុយក្លេអ៊ែរតាកទិក មួយចំនួនពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុង Minsk បានចាប់ផ្តើម។ អាវុធនុយក្លេអ៊ែរ តាកទិក គឺជាអាវុធដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងប្រើប្រាស់សម្រាប់ការបាញ់រយៈចម្ងាយខ្លីនៅក្នុងការសម្លាប់សត្រូវលើសមរភូមិ។ លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើអត្ថាធិប្បាយជុំវិញការផ្តល់អាវុធនុយក្លេអ៊ែរនេះនៅក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៨ឧសភានៅលើប៉ុស្តិ៍ទូរទស្សន៍ Russia។  លោក Lukashenko បាននិយាយក្នុងពេលនោះថា «គ្មាននរណាម្នាក់ប្រឆាំងប្រទេសកាហ្សាក់ស្តង់ និងបណ្តាប្រទេសផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធដូចំដែល ប្រទេសបេឡារុសយើងមានជាមួយសហព័ន្ធរុស្ស៊ីនោះទេ»។ លោក Lukashenko បានបន្ថែមថា៖ «បើសិនជានរណាម្នាក់បារម្ភនោះ, វាជារឿងសាមញ្ញណាស់…ចូលរួម ជាមួយរដ្ឋសហភាពបេឡារុស និងរុស្ស៊ី…នោះនឹងមានការផ្តល់អាវុធនុយក្លេអ៊ែរសម្រាប់ប្រទេសគ្រប់គ្នា»។ សម្តីរបស់លោក Lukashenko កំពុងបង្ហាញនូវការចង់ឱ្យមាន អាវុធនុយក្លេអ៊ែរតាក់ទិកនេះក្នុងប្រទេសកាហ្សាក់ស្តង់ ប៉ុន្តែមេដឹកនាំប្រទេសកាហ្សាក់ស្តង់ លោកប្រធានាធិបតី Kassym-Jomart Tokayev បានបដិសេធមិនទទួលយក ការពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនោះឡើយ។  មេដឹកនាំប្រទេសកាហ្សាក់ស្តង់ បានថ្លែងបន្ទាប់ពីពាក្យសម្តីរបស់មេដឹកនាំបេឡារុសថា «ខ្ញុំកោតសរសើរពាក្យសម្តីកំប្លែងរបស់គាត់។ ចំណែករឿងអាវុធនុយក្លេអ៊ែរនោះវិញ, យើងមិនត្រូវការអាវុធទាំងនោះទេ ពីព្រោះយើងបានចូលរួមក្នុងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយ»។  លោកប្រធានាធិបតី Kassym-Jomart Tokayev បានថ្លែងបន្តថា «យើងរក្សាការប្តេជ្ញាចំពោះការបំពេញកាតព្វកិច្ចនេះក្រោមច្បាប់អន្តរជាតិទាំងឡាយនោះ»។  មេដឹកនាំកាហ្សាក់ស្តង់ ទោះជាយ៉ាងណាក៏ដោយបានបញ្ជាក់ថាប្រទេសកាហ្សាក់ស្តង់គឺជា សមាជិកម្នាក់ក្នុងប្លុកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, ជាក្រុមប្រទេសធ្វើពាណិជ្ជកម្ម ដែលរុស្ស៊ី បាននាំមុខរួចទៅហើយ»។ មេដឹកនាំកាហ្សាក់ស្តង់និយាយថា គេមិនចង់បានការបញ្ចូលអ្វី បន្ថែមលើសពីនេះទៀតឡើយ។

* អ្វីជាកិច្ចព្រមព្រៀងរដ្ឋសហភាព បេឡារុស្សនិងរុស្ស៊ី?

កិច្ចព្រមព្រៀងបង្កើតរដ្ឋសហភាព បេឡារុស និងរុស្ស៊ី Union State of Belarus and Russia ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩៩។ សន្ធិសញ្ញានៃរដ្ឋសហភាពបេឡារុស និងរុស្ស៊ីបានបង្កើតមូលដ្ឋានច្បាប់សម្រាប់សម្ព័ន្ធភាពទូលំទូលាយដែលពង្រីកលើវិស័យសេដ្ឋកិច្ច ព័ត៌មាន បច្ចេកវិទ្យា កសិកម្ម និងសន្តិសុខព្រំដែន ក្នុងចំណោមអ្វីៗផ្សេង ជាច្រើនទៀតសម្រាប់ប្រយោជន៍រវាងប្រទេសទាំងពីរ។ សម្តីបបួលរបស់មេដឹកនាំប្រទេសបេឡារុស បានធ្វើឡើង បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលក្រុង Minsk និងក្រុងម៉ូស្គូ ក្នុងការផ្ទេរទទួលអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ីដល់ប្រទេសបេឡារុសកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ លោក Lukashenko បានថ្លែងថា «វាចាំបាច់ណាស់ក្នុងការត្រូវរៀបចំកន្លែងរក្សាទុក…យើងបានធ្វើនូវកិច្ចការទាំងនេះ…ការបញ្ជូនអាវុធនុយក្លេអ៊ែរទាំងនោះ បានចាប់ផ្តើមហើយ»។  មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថារុស្ស៊ីនឹងរក្សាការគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរតាក់ទិក ក្នុងប្រទេសបេឡារុសនេះ ដូចជាសកម្មភាពអនុវត្តរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកដែលបានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងទ្វីបអឺរ៉ុប ដើម្បីឱ្យបណ្តាប្រទេសម្ចាស់ផ្ទះទាំងអស់មានដូចជាប្រទេសអាល្លឺម៉ង់មិនឱ្យបំពាននឹង ការប្តេជ្ញាចិត្តរបស់ពួកគេដែលជាប្រទេសមហាអំណាចមិនមែននុយក្លេអ៊ែរ។ ប្រទេសបេឡារុស គ្មានអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៩០។ ភ្លាមៗបន្ទាប់ពីទទួលបានឯករាជ្យក្រោយការដួលរលំនៃអតីតសហភាពសូវៀត, បេឡារុសបានយល់ព្រមផ្ទេរអាវុធប្រល័យលោកនៃសម័យអតីត សហភាពសូវៀតទាំងអស់ ដែលមានក្នុងប្រទេសបេឡារុសឱ្យទៅប្រទេសរុស្ស៊ីវិញ។  ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនជាងមួយឆ្នាំមុនមក លោក ពូទីនបានប្រើពាក្យសម្តីកាន់តែខ្លាំងឡើងដោយព្រមានអំពីការគំរាមកំហែងសង្គ្រាមនុយក្លេអ៊ែរ និងថែមទាំង បង្ហាញថា រដ្ឋាភិបាលក្រុងម៉ូស្គូ អាចបោះបង់ចោលនូវគោលនយោបាយ «មិនប្រើលើកដំបូង» របស់ខ្លួនចេញវិញ។ ក្នុងខែមីនា ឆ្នាំ២០២៣, លោក ពូទីន បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូនឹងបញ្ចប់ការសាងសង់កន្លែងពិសេសសម្រាប់ផ្ទុកអាវុធនុយក្លេអ៊ែរតាក់ទិកនៅក្នុងប្រទេសបេឡារុសនោះនៅដើមខែកក្កដា។ លោកបាននិយាយទៀតថា រុស្ស៊ីបានធ្វើការផ្ទេរប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Iskander ទៅកាន់ប្រទេសបេឡារុសរួចហើយ ដែលជាអាវុធអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរធម្មតាបាន។អាវុធនុយក្លេអ៊ែរតាក់ទិក គឺជាអាវុធមានទំហំតូចជាងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ប៉ុន្តែអាចបំផ្លាញទីក្រុងទាំងមូល – ហើយអាវុធនុយក្លេអ៊ែរតាក់ទិកនេះ ត្រូវបានរចនាឡើង សម្រាប់ប្រើប្រាស់ក្នុងសមរភូមិដែលមានកម្រិត។ ទោះជាយ៉ាងណា លទ្ធផលនៃការផ្ទុះអាវុធមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះនឹងបង្កឱ្យមានការបំផ្លិចបំផ្លាញដ៏ធំ ក៏ដូចជា ការចម្លងរោគសាយភាយវិទ្យុសកម្ម។ រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុសនៅ ជាមួយគ្នានេះ បានថ្លែងព្រមានថា គេនឹងមិនរួញរាក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះដើម្បី ចាត់ការប្រទេសដែលចង់បង្កហេតុដាក់លើបេឡារុសនោះឡើយ។  រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin បានថ្លែងថា «ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរមិនមែនជាយុទ្ធសាស្ត្រនេះ គឺជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះគោលនយោបាយឈ្លានពានរបស់ប្រទេសណាដែលជាសត្រូវចំពោះយើង»។ លោកបានថ្លែងបន្តថា «នៅក្នុងបរិបទនៃការកើនឡើងយ៉ាងខ្លាំងនៃការគម្រាមកំហែង នៅតាមព្រំដែនភាគខាងលិចនៃប្រទេសរុស្ស៊ី និងបេឡារុស ការសម្រេចចិត្តមួយនឹងត្រូវធ្វើឡើងដើម្បីចាត់វិធានការ ប្រទេសនានាក្នុងរូបភាពយោធាដែលប្រើ អាវុធនុយក្លេអ៊ែរនេះ។សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ដូចជាមេដឹកនាំបក្សប្រឆាំងរបស់ប្រទេសបេឡារុស បានថ្កោលទោសចំពោះសកម្មភាពដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ កន្លងមកនេះថា «វាគឺជាឧទាហរណ៍ ចុងក្រោយបំផុតនៃអាកប្បកិរិយាមិនទទួលខុសត្រូវរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយយ៉ាងពេញទំហឹងមកលើអ៊ុយក្រែនកាលពីមួយឆ្នាំមុន» នោះមក។  លោក Matthew Miller បានបន្ថែមថា ទោះបីជាមានរបាយការណ៍នៃការផ្ទេរក៏ដោយ, សហរដ្ឋអាមេរិកមើលឃើញថា «គ្មានហេតុផលដើម្បីកែសម្រួលឥរិយាបថនុយក្លេអ៊ែរ ជាយុទ្ធ សាស្ត្ររបស់សហរដ្ឋអាមេរិកឡើយ” ។ លោកបាននិយាយបន្តថា មិនមាន “ការចង្អុលបង្ហាញ ណាមួយបញ្ជាក់ថា រុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ» ។
សហភាពអឺរ៉ុបបានហៅកិច្ចព្រមព្រៀងរវាងក្រុងមូស្គូ និងក្រុង Minsk ថាជា «ជំហានដែលនឹងនាំឱ្យមានការកើនឡើងដ៏គ្រោះថ្នាក់បំផុតបន្ថែមទៀត»។  ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak បានសរសេរនៅលើគេហទំព័រ Twitter កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភាថា ពាក្យសម្តីរបស់លោក Lukashenko បានបង្ហាញដោយផ្ទាល់ថា, រុស្ស៊ីមានបំណង «សម្លាប់» នូវគំនិតនៃការទប់ស្កាត់អាវុធនុយក្លេអ៊ែរសកល និងមាន បំណង «កប់» ចោលនូវសន្ធិសញ្ញាសកលសំខាន់ស្តីពី ការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។ លោក Podolyak បាននិយាយថា «នេះជាមូលដ្ឋានធ្វើឱ្យខូចដល់គោលការណ៍នៃសន្តិសុខពិភពលោក»។ លោកបន្ត «មានតែ ដំណោះស្រាយមួយប៉ុណ្ណោះ គឺប្រើប្រាស់ជំហរតឹងតែងនៃបណ្តារដ្ឋមានអាវុធនុយក្លេអ៊ែរ, ការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom របស់រដ្ឋរុស្ស៊ី, ទណ្ឌកម្មហិរញ្ញវត្ថុជាប្រព័ន្ធប្រឆាំងនឹងបេឡារុស និងចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី។សមាជិកនៃក្រុមប្រឆាំងរបស់ប្រទេសបេឡារុស ក៏បានរិះគន់កិច្ចព្រមព្រៀងនេះផងដែរ។ មេដឹកនាំបក្សប្រឆាំងនិរទេសលោកស្រី ស្វៀតឡាតណា ស៊ីខានូស្កាយ៉ា (Sviatlana Tsikhanouskaya) បាននិយាយតាមប្រព័ន្ធ Twitter ថាគេ «ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងផែនការរបស់ពូទីនក្នុងការពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស»
លោកស្រីបានថ្លែងថា កិច្ចព្រមព្រៀងនោះបានបំពានមាត្រារដ្ឋធម្មនុញ្ញរបស់ប្រទេសបេឡារុសដែលមិនឱ្យមានអាវុធនុយក្លេអ៊ែរ និងថាវាជាកិច្ចព្រមព្រៀងដែលជួយធានា ការគ្រប់គ្រងរបស់រុស្ស៊ីលើបេឡារុស្សសម្រាប់ឆ្នាំខាងមុខៗនោះថែមទៀត។ លោកស្រីបន្តថាកិច្ចព្រមព្រៀងនោះ នឹងគំរាមកំហែងបន្ថែមទៀតដល់សន្តិសុខអ៊ុយក្រែន និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបទាំងអស់។  សេចក្តីរាយការណ៍បណ្តាញសារព័ត៌មានដែលតាមដានភាពវិវត្តន៍នៃការផ្ទេរអាវុធនុយក្លេអ៊ែរតាក់ទិកនេះ នៅបានព្យាយាមចង់ដឹងនូវព័ត៌មានសម្ងាត់របស់យោធាថែមទៀត។ សេចក្តីរាយការណ៍របស់សារព័ត៌មាន បាននិយាយថា គេនៅមិនទាន់ដឹងថាតើអាវុធនុយក្លេអ៊ែរតាក់ទិក ទាំងនោះពិតជាបានចាកចេញពីប្រទេសរុស្ស៊ីមែនឬយ៉ាងណា នោះឡើយ។ ក្រុមអ្នកតាមដានបាននិយាយទៀតថា គេចង់ដឹងថាតើអាវុធដាក់ពង្រាយដែលមានក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកនោះជាអាវុធប្រភេទអ្វី? មានចំនួនប៉ុន្មានដើម និងដាក់ពង្រាយនៅពេលណា និងទីកន្លែងណានៅមិនទាន់ត្រូវបានគេដឹងច្បាស់លាស់ឡើយ។  ទោះជាយ៉ាងណា ក៏ដោយនេះគឺជាអាថ៌កំបាំងនៃព័ត៌មានសម្ងាត់យោធា ដែលធម្មតានឹងមិនត្រូវបញ្ចេញឱ្យគេបានដឹងនោះឡើយ។ ភាពតានតឹងរបស់ពិភពលោក កាន់តែ កើនឡើងជាលំដាប់ និងប្រទេសមហាអំណាចនុយក្លេអ៊ែរកំពុងស្វែងរកប្រទេសសំខាន់ៗក្នុងតំបន់ដើម្បីបំរើមហិច្ឆិតាធ្វើសង្គ្រាមប្រឆាំងគ្នាទៅវិញទៅមក។ អន្ទាក់រាយដើម្បី ទាញយកប្រទេសសំខាន់ៗនាពេលនេះ រួមមានអន្ទាក់ NATO-Plus និងកិច្ចព្រមព្រៀងរដ្ឋសហភាពបេឡារុស និងរុស្ស៊ីជាដើម។ តើប្រទេសណាខ្លះ ដែលនឹងធ្លាក់ចូលក្នុង ឧបាយកលអូសទាញទាំងនេះ? គេនឹងរង់ចាំមើលបន្តថែមទៀត៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង