សាវម៉ាវធម្មជាតិ​នៅតំបន់ភ្នំវល្លិ៍កំពុងមានទីផ្សារល្អ​ ដោយសាររសជាតិឆ្ងាញ់

បើតាមម្ចាស់ចម្ការសាវម៉ាវនៅភូមិចម្ការបី តំបន់ភ្នំវល្លិ៍ ខេត្តកែបបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣១ ខែឧសភានេះថា សាវម៉ាវបានចាប់ផ្តើមប្រមូលផលតាំងពីចុងខែមេសាមក ហើយសាវម៉ាវតំបន់នេះ មានរសជាតិឆ្ងាញ់ខុសប្លែកពីសាវម៉ាវតំបន់ដទៃត្រង់ សាច់ស្រួយ ស្ងួត មានអ្នកនិយមទទួលទានកាន់តែច្រើន។ បច្ចុប្បន្នសាវម៉ាវភ្នំវល្លិ៍បានបោះទៅលក់ច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។  ម្ចាស់ចម្ការសាវម៉ាវ លោក ឡៅ វេងសេង រស់នៅក្នុងភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប បានប្រាប់ឲ្យដឹងថា ដំណាំសាវម៉ាវដែលស្ថិតនៅក្នុងតំបន់ភ្នំវល្ល៍ិនេះលោកបានឱ្យដឹងថា វាមានអាយុជាង៧ឆ្នាំ ហើយឆ្នាំនេះជាឆ្នាំទី៣ដែលបានប្រមូលផលទៅលក់នៅតាមទីផ្សារនានា។  លោកបានបញ្ជាក់ថា ដោយសារភូមិសាស្ត្រ និងអាកាសធាតុនៅតំបន់នេះ បានធ្វើឱ្យដំណាំឈើហូបផ្លែផ្សេងៗ មានរសជាតិឆ្ងាញ់ខុសគេ ហើយសាវម៉ាវតំបន់នេះក៏មានលក្ខណៈពិសេសខុសគេដែរត្រង់ថា សាច់វាស្ងួត ស្រួយ មានរសជាតិជូអែមឆ្ងាញ់។ ម្ចាស់ចំការសាវម៉ាវដដែលនោះបានបន្តថា សាវម៉ាវភ្នំវល្លិ៍មិនពិបាកលក់នោះទេ ឲ្យតែពេលមានផ្លែទុំ គឺមានឈ្មួញ​មកទិញ និងបេះដល់ចម្ការ និងមួយភាគធំ បោះទៅលក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗមួយចំនួនទៀត។ បើតាមម្ចាស់ចម្ការសាវម៉ាវបានលើកឡើងថា ជាទូទៅសាវម៉ាវភ្នំវល្លិ៍ប្រមូលផលចាប់ពីចុងខែមេសា រហូតដល់ខែកញ្ញា។  ការដាំ និងការថែទាំតាមបែបធម្មជាតិ មិនប្រើប្រាស់ជីគីមីទេ ហើយក៏មិនប្រើថ្នាំបាញ់ឲ្យចេញផ្កា និងឲ្យកាន់ផ្លែច្រើននោះដែរ ខណៈដែលឈ្មួញដែលមកទិញ និងបេះសាវម៉ាវទៅលក់បន្តថា សាវម៉ាវភ្នំវល្លិ៍កំពុងតែមានទីផ្សារល្អ ជាងសាវម៉ាវបរទេស ហើយលោកស្រីលក់កាន់តែដាច់ និងមានតម្រូវការច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង