បុរសវ័យចំណាស់ម្នាក់ ដែលជាម្ចាស់ចម្ការទុរេនត្រូវបានព្រះធរណីស្រូប នៅខេត្តសុរ៉ាតថានី ប្រទេសថៃ
បុរសវ័យចំណាស់ម្នាក់ ដែលជាម្ចាស់ចម្ការទុរេន នៅខេត្តសុរ៉ាតថានី ប្រទេសថៃ ។ ត្រូវបានធរណីស្រូបបាត់ស្រមោល បើទោះបីជាអភិបាលខេត្ត បញ្ជាឲ្យដាក់ម៉ាស៊ីនភ្លើងបំភ្លឺ និងគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីកាយរុករកសព ក៏មិនទាន់ប្រទះឃើញនៅឡើយទេ!។ យោងតាមការផ្សាយពីកាសែតថៃរ៉ាត់ បានបញ្ជាក់ថាៈ កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចក្នុងចម្ការទុរេនមួយកន្លែង ក្នុងស្រុកបាណាសាន ខេត្តសុរ៉ាតថានី មានករណីព្រះធរណីស្រូបម្ចាស់ចម្ការទុរេនម្នាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងតំបន់នោះ។ ព័ត៌មានបានបន្តថាៈ នៅមុនពេលកើតហេតុ ម្ចាស់ចម្ការដែលមានឈ្មោះ សុឆាត ស៊ីក្រៃឆ័យ បានជួលក្រុមជាងមួយក្រុម ឲ្យមកខួងអណ្ដូងនៅក្បែរចម្ការ ដើម្បីទាញយកទឹកមកប្រើប្រាស់ស្រោចផលដំណាំ ពិសេសគឺទុកសម្រាប់ស្រោចដើមទុរេន។ លោក គិត តិភុង មេជាងខួងអណ្តូង និងជាសាក្សីដ៏សំខាន់ម្នាក់ បានរៀបរាប់ថា ខណៈក្រុមការងាររបស់លោកកំពុងបញ្ជាម៉ាស៊ីនដើម្បីខួងអណ្ដូង លោកតាម្ចាស់ចម្ការក៏បានអង្គុយមើលនៅទីនោះដែរ គឺចម្ងាយប្រហែល ១០ ម៉ែត្រ ពីម៉ាស៊ីនខួង។ សាក្សីបន្តថា ស្របពេលម៉ាស៊ីនកំពុងខួងបានជម្រៅប្រហែលជាង ១០ ម៉ែត្រ ក៏ស្រាប់តែដីកន្លែងលោកតាអង្គុយបានស្រុតចុះក្រោមយ៉ាងធំ ទាញយកទាំងរាងកាយលោកតាទៅជាមួយដែរ ដែលមាត់រណ្ដៅប្រហែល ១០ ម៉ែត្រ និងជម្រៅប្រហែលជាង ៤ ម៉ែត្រ។ នៅពេលនោះខ្លួនមិនហ៊ានចូលទៅជួយទេ ព្រោះខ្លាចគ្រោះថ្នាក់ទាំងខ្លួនឯង ទើបរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរ ឲ្យមកជួយអន្តរាគមន៍។ ពេលនោះដែរ ខាងអាជ្ញាធរខេត្តសុរ៉ាតថានី បានបញ្ជាឲ្យដាក់ម៉ាស៊ីនភ្លើង ដើម្បីបំភ្លឺនៅកន្លែងកើតហេតុ និងដាក់គ្រឿងចក្រជាច្រើនគ្រឿង កាយរុករកសពដែលបានបាត់ក្នុងដី។ ចំណែកក្រុមគ្រួសារ និងសាច់ញាតិ បាននិមន្តព្រះសង្ឃមកជួយសូត្របន្ត និងដុតធូបទៀន សុំខមាទោសពីម្ចាស់ទឹក ម្ចាស់ដី ដោយសុំឲ្យបង្ហាញសព ធ្វើយ៉ាងណាឲ្យរកឃើញ ។ ដើម្បីរៀបចំធ្វើបុណ្យ ប៉ុន្តែអ្វីៗ ត្រូវខកទាំងអស់ ដោយសារតែការរុករករហូតដល់ម៉ោង ១០យប់ទៅហើយ នៅតែមិនទាន់ប្រទះ។ ទោះបីជាយ៉ាងនេះក្តី ក៏ក្រុមការងារនៅតែបន្តដោយមិនសម្រាកនោះទេ៕ សម្រួលដោយ ទៀង បុណ្ណរី