សណ្ឋាគារមួយ ជាប់ចំណាត់ថ្នាក់នៅលើពិភពលោក និងលេខ១ នៅខេត្តសៀមរាប លើបដិសណ្ឋារកិច្ចល្អ មិនប្រើថង់ប្លាស្ទិច

វិស័យសណ្ឋាគារ បានដំណើរការយ៉ាងរលូន ជាពិសេសនៅខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីយដ្ឋាន​ប្រវត្តិសាស្រ្ត ប្រាសាទបុរាណ និងតំបន់ទេសចរណ៍ជាច្រើន។ ជាក់ស្តែងសណ្ឋាគារផ្កាយ៥ Jaya House River Park មានមូលដ្ឋាននៅខេត្តសៀមរាប បានទទួលស្គាល់ជា​លក្ខណៈជាតិ និងអន្តរជាតិទៅលើបដិសណ្ឋារកិច្ចល្អ និងចូលរួមការពារបរិស្ថាន។ នាពេលថ្មីៗនេះ កម្មវិធី Trip Adviser បានប្រកាសថា សណ្ឋាគារ Jaya House River Park ជាប់ចំណាត់ថ្នាក់​លេខ២៥ នៅទូទាំងពិភពលោក ជាប់លេខ៨ នៅក្នុងតំបន់អាស៊ី និងលេខ ១នៅក្នុងខេត្តសៀមរាប ដែលល្អបំផុត​សម្រាប់ឆ្នាំ ២០២៣។ លទ្ធផលនេះ គឺផ្តោតទៅលើទីតាំង សេវាកម្ម ផាសុកភាព ម្ហូបអាហារ អនាម័យ ភាពប្រណីត ម៉ាស្សា សេវាកម្មកម្សាន្ត និងចូលរួមការពារបរិស្ថាន ដោយមិនប្រើប្រាស់ថង់ប្លាស្ទិច។  លោក រៀម វីរៈ អ្នកគ្រប់គ្រងសណ្ឋាគារ Jaya House River Park បានលើកឡើងថា សណ្ឋាគារនេះ បានបើក​ដំណើរការចាប់តាំងពីឆ្នាំ ២០១៦មក។ លោក បានឱ្យដឹងថា ចំណុចពិសេសរបស់សណ្ឋាគារ គឺមិនប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីចូលរួមការពារបរិស្ថាននៅក្នុងខេត្តសៀមរាបនិយាយជារួម និងដើម្បីកាត់បន្ថយ​ផលប៉ះពាល់បរិស្ថាន ដែលបង្កឡើង​ដោយប្លាស្ទិច នៅទួទាំងប្រទេស និយាយដោយឡែក។  លោកបានបន្តដូច្នេះថា«ភ្ញៀវរបស់យើង នឹងមានផ្តល់ឱ្យដបទឹកមួយដែលធ្វើពីអាលុយមីញ៉ូម អាចប្រើប្រាស់សម្រាប់​ដាក់ទឹក និងអាចយកទៅផ្ទះបាន…ដោយឡែកទាក់ទង Supliyer ដែលយកបន្លែ ត្រី សាច់ ចូលសណ្ឋាគារ ក៏មិនឱ្យប្រើប្រាស់ថង់ប្លាស្ទិចដែរ»។   ចំណែកទីតាំងសណ្ឋាគារ ក៏មិនស្ថិតនៅក្នុងក្រុងនោះដែរ ដើម្បីកាត់បន្ថយការកកស្ទះ បង្កើតបរិយាកាស Relax ជូនដល់ភ្ញៀវ ពោលគឺនៅឆ្ងាយពីក្រុងសៀមរាបចំនួន ៣គីឡូម៉ែត្រ ដោយធ្វើដំណើរប្រហែល ១៥នាទីពី​រមណីយដ្ឋានអង្គរវត្ត។  លោក រៀម វីរៈ បានឱ្យដឹងទៀតថា ក្រោយពីរាជរដ្ឋាភិបាល បានទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មានកំណើនល្អប្រសើរវិស័យសណ្ឋាគារ នៅខេត្តសៀមរាប ក៏បានស្ទុះងើបឡើងគួរកត់សម្គាល់ផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង