កូរ៉េខាងត្បូងឃាត់ខ្លួនអ្នកដំណើរម្នាក់ បន្ទាប់ពីបានបើកទ្វារយន្តហោះពេលកំពុងហោះហើរ

ប៉ូលិសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រទី២៦ ខែឧសភា បានឃាត់ខ្លួនបុរសម្នាក់ ដែលបើកទ្វារយន្តហោះ Asiana Airlines (020560.KS) នៅប៉ុន្មាននាទីមុនពេលចុះចតនៅទីក្រុង Daegu ដែលបង្កឱ្យអ្នកដំណើរភ័យស្លន់ស្លោជាខ្លាំង។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Daegu បានអះអាងថា អ្នកដំណើរ៩នាក់ ដែលជាក្មេងជំទង់ទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាផ្លូវដង្ហើម។ អ្នកដំណើរអាយុ៤៤ឆ្នាំមិនស្គាល់អត្តសញ្ញាណ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា៖ «ខ្ញុំគិតថាយន្តហោះនឹងផ្ទុះ[..]វាមើលទៅដូចជាអ្នកដំណើរដួលសន្លប់នៅក្បែរទ្វារបើកចំហអ៊ីចឹង»។ ក្រសួងដឹកជញ្ជូនបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលីសបានចាប់ខ្លួនបុរសដែលបានបើកទ្វារនោះ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើការរំលោភច្បាប់សុវត្ថិភាពអាកាសចរណ៍។ លើសពីនេះ មន្ត្រីក្រសួងដឹកជញ្ជូនបានប្រាប់រ៉យទ័រថា អាជ្ញាធរកំពុងពិនិត្យមើលថា តើក្រុមហ៊ុនអាកាសចរណ៍ Asiana បានអនុវត្តតាមពិធីសារ ដើម្បីគ្រប់គ្រងច្រកចេញក្នុងគ្រាអាសន្នដែរ ឬយ៉ាងណា? មន្ត្រីរូបនេះបានអះអាងថា វាអាចបើកច្រកចេញសង្គ្រោះបន្ទាន់ នៅពេលដែលយន្តហោះនៅជិតដី ដោយសារសម្ពាធខាងក្នុង និងខាងក្រៅកាប៊ីន គឺស្រដៀងគ្នា។  អ្នកនាំពាក្យរបស់ក្រុមហ៊ុន Asiana បាននិយាយថា យន្តហោះនេះនៅសល់រយៈពេលពីរទៅបីនាទី ដើម្បីធ្វើការចុះចត ខណៈពេលអ្នកដំណើរប្រុសដែលអង្គុយក្បែរច្រកចេញសង្គ្រោះបន្ទាន់ បានបើកគម្របមួយ ហើយទាញចេញ ដូច្នេះទ្វារបានបើកជាមួយនឹងយន្តហោះដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីដី។ អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​និយាយ​ថា អ្នក​ជិះ​លើ​យន្តហោះ​ទាំង​អស់​ត្រូវ​បាន​អង្គុយ​ដោយ​ខ្សែ​ក្រវាត់​សុវត្ថិភាព ព្រោះ​យន្តហោះ​ជិត​នឹង​ចុះ​ចត។ ក្រោយ​ពេល​កើតហេតុ ទ្វារ​សង្គ្រោះ​បន្ទាន់​ចំហ​ក្បែរ​ស្លាប​ឆ្វេង​របស់​យន្តហោះ។  លោក សន មីយ៉ុងវ៉ាន់ (Sohn Myong-hwan) សាស្ត្រាចារ្យនៅនាយកដ្ឋានថែទាំអាកាសចរណ៍នៃសាកលវិទ្យាល័យ Sehan របស់ប្រទេសកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា៖ «វាមានគ្រោះថ្នាក់ជាពិសេសក្នុងអំឡុងពេលចុះចត និងហោះឡើង ដូច្នេះបុគ្គលិកជើងហោះហើរណាម្នាក់គួរតែបញ្ឈប់អ្នកដំណើរនោះ» ។ ជាចុងក្រោយលោកបានបញ្ជាក់ថា៖«សម្រាប់ខ្ញុំ វាហាក់ដូចជាពិបាកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាចគេចចេញពីការទទួលខុសត្រូវដ៏មានសក្តានុពលណាមួយនៅទីនេះ»៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង