បុរសម្នាក់បើកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណ: ត្រូវនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ ចុងក្រោយសុំទោស សារភាពកំហុស និងធ្វើកិច្ចសន្យាអប់រំ

ភ្នំពេញ៖  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបើកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណ: ២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ១៤:១០នាទីរសៀល និងម៉ោង ២១:០០នាទីយប់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ ។  បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមទាក់ទងទៅនឹងករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BG-0265 បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការកោះហៅអ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់រថយន្ត ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺករណីខាងលើ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។  យោងទៅតាម Facebook Nuon Duong Lakhena បានសរសេរផុសលើបណ្ដាញសង្គមហ្វេសប៊ុកថា “ល្ងាចមិញ វេលាម៉ោង៦:១៥នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំបានចេញពីកន្លែងធ្វើការ បើកបររថយន្តលើដងផ្លូវ ២៧១ ពីត្បូង ទៅជើង មកដល់ស្តុប ផ្លូវបំបែក ចុះទៅផ្លូវ ទេពផន និងពេទ្យលោកសង្ឃ មានឧបទ្ទវហេតុដូច វីឌីអូ នេះកើតឡើង។ ដូច្នេះសូមសំណូមពរដល់សមត្ថកិច្ចចរាចរណ៍ មេត្តាហៅគាត់មកអប់រំផង ព្រោះជាផ្លូវសាធារណ។ ផ្លាកលេខរថយន្តៈ 2BG-0265″។  ក្រោយពីធ្វើការសាកសួររួច អ្នកបើកបរល្មើសខាងលើបានសារភាពទទួលកំហុស ថាដោយសារមានការខឹងទើបខ្លួនបើកបរដូច្នេះ ។ ដោយមានការសារភាពកំហុស និងធានាពីឳពុក សមត្ថកិច្ចបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែលធ្វើដំណើរតាមដងផ្លូវ ។  សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ ដែលធ្វើឲ្យរងរបួស ពិការ បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិផងដែរ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង