ម្ចាស់មេដាយ៥គ្រឿង វ៉ិត ចន្ថា ប្តេជ្ញាការពារមេដាយមាសលើទឹកដីរបស់ខ្លួន
កីឡាការិនីអត្តពលកម្មឆ្នើមរបស់កម្ពុជា វ៉ិត ចន្ថា នឹងប្រកួត៣វិញ្ញាសាក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។សម្រាប់ការត្រៀមខ្លួនប្រកួតក្នុងនាមជាម្ចាស់ផ្ទះ វ៉ិត ចន្ថា បានប្រាប់ថា អ្នកស្រីបានត្រៀមប្រកួត៣វិញ្ញាសាគឺលោតចម្ងាយ រត់ចម្ងាយ២០០ម៉ែត្រ និង៤០០ម៉ែត្រ។ វិញ្ញាសាទាំង៣នេះ អ្នកស្រីសុទ្ធតែធ្វើបានល្អក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ និងរំពឹងទទួលបានលទ្ធផលជូនជាតិទៀត។ អ្នកស្រីបានហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែកាលពីពេលថ្មីៗនេះជាកន្លែងរៀបចំការប្រកួតកីឡាស៊ីហ្គេម ដូច្នេះការហ្វឹកហាត់ក៏មិនសូវដិតដល់ប៉ុន្មានដែរ។ ទោះបីជាយ៉ាងណា ឥឡូវនេះអ្នកស្រីបានទៅហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ វ៉ិត ចន្ថា បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ៖«ឥឡូវនេះ ជិតដល់ពេលប្រកួតអត់សូវបានហ្វឹកហាត់ដល់ដែរ ដោយសារកន្លែងហ្វឹកហាត់នៅអូឡាំពិករៀបចំការប្រកួតកន្លងមក។ បើហាត់នៅអូឡាំពិក ពេលខ្លះបានពេលព្រឹក តែអត់ពេលល្ងាច តែសម្រាប់កំណត់ត្រាថិរវេលាលើវិញ្ញាសាអត់អីទេ។ ថិរវេលាវិញ្ញាសាខ្លះ ខ្ញុំបានបំបែកកំណត់ត្រាចាស់ដែរ (ធ្វើបានល្អជាងកំណត់ត្រាចាស់)។ ខ្ញុំគិតថា ល្អប្រសើរជាងមុន»។ តាមរយៈការធ្វើបានល្អជាងកំណត់ត្រាចាស់លើវិញ្ញាសាខ្លះ អ្នកស្រី វ៉ិត ចន្ថា បានដាក់ចិត្តកាយ និងប្តេជ្ញាការពារមេដាយមាសរបស់ខ្លួនឲ្យបានជោគជ័យ និងស្វែងរកមេដាយមាសឲ្យខាងតែបានដើម្បីជូនជាតិក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។ រហូតដល់ពេលនេះ កីឡាការិនីឆ្នើម វ៉ិត ចន្ថា បានឈ្នះមេដាយ៥គ្រឿងពីកីឡាជនពិការអាស៊ីអាគ្នេយ៍ បន្ទាប់ពីធ្លាប់បានចូលរួមប្រកួតកន្លងមក។ អាស៊ានប៉ារ៉ាហ្គេម លើកទី៨ ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី វ៉ិត ចន្ថា មិនទទួលបានមេដាយទេ ប៉ុន្តែអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី អ្នកស្រីបានឈ្នះមេដាយ២គ្រឿងគឺប្រាក់១លើវិញ្ញាសាលោតចម្ងាយ និងសំរឹទ្ធ១លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ។ សម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី កីឡាការិនីពិការឆ្នើមរូបនេះរឹតតែធ្វើបានល្អដោយបានឈ្នះមេដាយ៣គ្រឿងលើវិញ្ញាសាទាំង៣ដែលខ្លួនប្រកួត។ មេដាយមាសទី១លើវិញ្ញាសាលោតចម្ងាយ មេដាយមាសទី២លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ និងប្រាក់១លើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ៕ សម្រួលដោយ ទៀង បុណ្ណរី