ខ្យល់កន្ត្រាក់ឆក់យកផ្ទះពលរដ្ឋមួយខ្នងដួលរាបដល់ដីនៅស្រុកថាឡាបរិវ៉ាត់។
ខេត្តស្ទឹងត្រែងៈ ភ្លៀងធ្លាក់មួយមេលាយឡំផ្គររន្ទះនិងនាំយកទាំងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានឆក់យកផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងដួលរាបដល់ដី កាលពីវេលាម៉ោង ១៨និង៣០នាទីយប់ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៩ ខាងក្រោយផ្ទះគ្រូពេទ្យ រ៉ា ស្ថិតនៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបាននឹងដឹងថា ករណីខ្យល់កន្ត្រាក់នោះ បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះពលរដ្ឋមួយខ្នងរងការខូចខាតបណ្ដាលឱ្យដួលរលំនិងប៉ើងដំបូលផ្ទះ ។ សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះរបស់ពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ខាងលើនោះមានឈ្មោះ ដេត ដន ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវបានខ្យល់បក់ប៉ើងដំបូលនិងដួលរលំផ្ទះរាបដល់ដីទាំងស្រុងតែម្តង។ដោយឡែកក្នុងហេតុការណ៍នោះផងដែរ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬ សត្វពាហនៈអ្វីឡើយ។ (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី