ថតជាប់ហ្វូងទន្សោងចុះស្វែងរកចំណី ខណៈកសិករបើកត្រាក់ទ័រភ្ជួរដីចម្ការ
សត្វទន្សោងគោព្រៃបានបង្ហាញខ្លួនជាច្រើនក្បាលនៅលើទឹកដីខេត្តបាត់ដំបង ហាក់គ្មានការភ្ញាក់ផ្អើលពីក្រុមមនុស្សឡើយ ខណះសត្វដ៏កម្រមួយនេះពីមុនមិនដែលបានបង្ហាញខ្លួននោះទេ គឺនៅសម្ងំរស់នៅតែលើភ្នំឬជើងភ្នំប៉ុណ្ណោះ ដែលក្រុមមនុស្សមិនដែលឃើញរូបរាងនោះឡើយ។ ប្រជាពលរដ្ឋនៅតាមដំបន់បានសន្និដ្ឋានតៗគ្នាថា សត្វដ៏កម្រមួយនេះប្រហែលជាមិនមាននៅលើទឹកដីខេត្តបាត់ដំបងឡើយ។ ផ្ទុយពីការសន្និដ្ឋាន នៅក្នុងឃ្លីបវីដេអូមួយដែលត្រូវបានប្រជាកសិករថតជាប់ហ្វូងសត្វទន្សោងមួយហ្វូងពីលើត្រាក់ទ័រ ដែលកំពុងភ្ជួរដីចម្ការគឺបានបង្ហាញពីសកម្មភាពហ្វូងសត្វទន្សោងទាំងនេះ កំពុងបណ្ដើរគ្នាស្វែងរកចំណីអាហារឬទឹក នៅក្បែរចំការអ្នកភូមិ ដែលអ្នកបើកត្រាក់ទ័រភ្ជួរដីចំការម្នាក់ជាអ្នកថតជាប់ហ្វូងថនិកសត្វដ៏កម្រទាំងនេះ។ បើតាមការសង្កេតលើសកម្មភាពរបស់ហ្វូងទន្សោងមួយហ្វូងនេះ ពួកគេហាក់មិនខ្លាចញញើតនិងក្រុមមនុស្សទេ ខណះដែលអ្នកបើកត្រាក់ទ័របានព្យាយាមបើកទៅកៀកហ្វូងរបស់វាហាក់គ្មានការភ្ញាក់ផ្អើល ហើយបណ្ដើរគ្នាស៊ីចំណីជាធម្មតានៅខាងមុខត្រាក់ទ័រ។ លោក សេង ហៃ ជាម្ចាស់ចម្ការនិងជាអ្នកបានប្រទះឃើញហ្វូងសត្វទន្សោងដំបូងគេដែលបានដើរឆ្លងកាត់ចម្ការ របស់ខ្លួនបាននិយាយប្រាប់មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកគាស់ក្រឡថា លោកតែងប្រទះឃើញហ្វូងសត្វទន្សោងទាំងនេះជាញឹកញាប់នៅតំបន់នោះ ដែលហ្វូងខ្លះមានចន្លោះពី១៥ ទៅ២០ក្បាលឯណោះ។ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ លោកបានប្រទះឃើញសត្វទន្សោងមួយហ្វូងដែលមានចំនួន១២ក្បាល នៅចំណុច អូរទ្រូងអណ្ដើក ស្ថិតក្នុង ភូមិអូរទ្រូងអ អណ្ដើក ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលវាចុះពីលើភ្នំទ្រូងអណ្ដើក មករកស៊ីចំណី ឬ រកទឹកផឹកនៅតាម ចម្ការប្រជាពលរដ្ឋនៅក្បែរៗតំបន់ភ្នំនោះ។ ប្រធានមន្ទីរបរិស្ថានខេត្ត លោក កត បូរ៉ាន បានប្រាប់ឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ២៣ ខែឧសភានេះថា វាមិនចម្លែកអីទេចំពោះ ការប្រទះឃើញហ្វូងសត្វទន្សោងមួយហ្វូងខាងលើនេះ។ កន្លងទៅលោកធ្លាប់បានទទូលព័ត៌មានពីការប្រទះឃើញហ្វូងសត្វកម្រទាំងនេះពីប្រជាពលរដ្ឋច្រើនរាប់មិនអស់ទេ ថែមទាំងក្រុមការងាររបស់លោកថតជាប់ក្នុងកាមេរ៉ា ដែលបានបំពាក់នៅតាមតំបន់ព្រៃ ឬតំបន់ភ្នំនានាទៀតផង ដែលបានថតជាប់ពពួកសត្វកម្រជាច្រើនប្រភេទដូចជា ÷ សត្វដំរី សត្វខ្ទីង សត្វ ខ្លា ទន្សោង ប្រើស ក្ដាន់ ខ្លាឃ្មុំ និងសត្វប្រភេទផ្សេងៗទៀតផង។ លោកបន្តថា នៅក្នុងតំបន់ភ្នំលើទឹកដីស្រុកសំឡូត អាចប៉ាន់ប្រមាណហ្វូងសត្វគ្រប់ប្រភេទទាំងសត្វតូចទាំងសត្វធំដ៏កម្រកំពុងរស់នៅច្រើនណាស់ដូចជានៅតំបន់ជួរភ្នំសំកុស ដែលជាជម្រកហ្វូងសត្វដ៏កម្រទាំងនោះ ដែលក្រុមការងាររបស់លោកត្រូវការពារ និងចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យ ជួយការពារ ថែរក្សាហ្វូងសត្វព្រៃដ៏កម្រទាំងនោះ កុំឲ្យមានការបរបាញ់ ឬដាក់អន្ទាក់ ឬប្រើវិធីផ្សេងដើម្បីសម្លាប់សត្វទាំងនោះ។ ឮនៅថ្ងៃទី ២៩ឧសភា ខាងមុខនេះ មន្ទីរបរិស្ថានដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងផង នឹងមានរៀបចំប្រារព្វកម្មវិធីក្រោមប្រធានបទ”យុទ្ធនាការ អន្ទាក់សសូន្យ” ដែលមានន័យថា:នៅក្នុងតំ បន់ អភិរក្ស គ្មានការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃឡើយ។ ពិធីនេះធ្វើឡើងក្រោយពីមានការ ភ្ញាក់ផ្អើលមួយបានកើតឡើងជាលើកដំបូង ខណះសត្វដ៏កម្រមួយនេះបានបង្ហាញខ្លួនយ៉ាច្រើនដែលមិនធ្លាប់មាន បើទោះបីលោកប្រធានមន្ទីរអះអាងថា ធ្លាប់បានថតជាប់ដោយកាមេរ៉ាដែលបានបំពាក់ក៏ដោយចុះ។ លោកក៏បានកោតសរសើរដល់ប្រជាកសិករដែលរស់នៅក្បែរតំបន់នោះ បានចូលរួមការពារបានល្អប្រសើទើបធ្វើឲ្យហ្វូងសត្វដ៏កម្រមួយនេះចេញដើររកចំណីដោយគ្មានការភ័យខ្លាច ពីការយ៉ាយីពីក្រុមមនុស្ស៕ សម្រួលដោយ ទៀង បុណ្ណរី