មិនទាន់ជានាយករដ្ឋមន្ត្រីផង លោក Pita មានរឿងក្ដីក្ដាំជាច្រើនទៅហើយ
បើទោះបីជា មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃក៏ដោយ ប៉ុន្តែក៏មានរឿងក្ដីក្ដាំមួយចំនួនកំពុងដាក់បន្ទុកទៅលើរូបលោកផងដែរ ។ ក្រោយជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សចលនាឆ្ពោះទៅមុខ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅក៏ពិតមែន ប៉ុន្តែលោក Pita ក៏កំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ផងដែរ បន្ទាប់ពីសកម្មជននយោបាយលោក Ruangkrai Leekitwattana បានអំពាវនាវឲ្យគណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) ស៊ើបអង្កេតទៅលើអនាគតនាយករដ្ឋមន្ត្រីរូបនេះ ។ លោក Ruangkrai បានស្នើទៅដល់គណៈកម្មការរៀបចំការបោះឆ្នោតថៃឲ្យស៊ើបអង្កេតថាតើការកាន់កាប់ភាគហ៊ុនចំនួន ៤២,០០០ របស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV គឺផ្ទុយនឹងច្បាប់ដែរឬទេ ។ សកម្មជនរូបនេះបានចង្អុលបង្ហាញទៀតថា ការស្នើសុំរបស់លោកទៅកាន់ EC គឺដោយសារតែ រដ្ឋធម្មនុញ្ញថៃហាមមិនឲ្យម្ចាស់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ កន្លងមកលោក Pita ធ្លាប់បានលើកឡើងថា លោកមិនបានកាន់កាប់ភាគហ៊ុនណាមួយនោះទេ គឺលោកទទួលមរតកអចលនទ្រព្យទាំងប៉ុន្មាននេះពីឪពុករបស់លោកប៉ុណ្ណោះ ។ យោងតាមមាត្រា ៦១ នៃច្បាប់រដ្ឋធម្មនុញ្ញថៃចែងថា គណៈកម្មការរៀបចំការបោះឆ្នោត (EC) អាចដកតំណែងបានតែបុគ្គលណាជាបេក្ខជនតំណាងរាស្ត្រ មុនការបោះឆ្នោតបញ្ចប់ប៉ុណ្ណោះ ។ ដូច្នេះក្នុងន័យនេះ EC មិនអាចដាក់បន្ទុកលើករណីដូចលោក Pita បាននោះទេ ស្របពេលដែលការបោះឆ្នោតក៏បានបញ្ចប់ទៅហើយផងដែរ ពោល EC មិនមានមូលដ្ឋានផ្លូវច្បាប់ក្នុងការដកបេក្ខភាព ឬសមាជិកសភាចេញពីការបោះឆ្នោតនោះទេ ៕ សម្រួលដោយ ទៀង បុណ្ណរី