ឯកឧត្ដម ថោង ខុនមានប្រសាសន៍ថា៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

រាជធានីភ្នំពេញ៖ ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹថា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិ ក្នុងមួយថ្ងៃប្រមាណ១ម៉ឺន៦ពាន់នាក់។  យោងតាមការឱ្យដឹងរបស់ឯកឧត្ដម ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែខ្ទរខ្ទារ ជាពិសេសបានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ ការរៀបចំការប្រកួតស៊ីហ្គេមនេះ ក៏បាននាំមកនូវភាពលេចធ្លោជាច្រើនរួមមាន៖ ការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម (កម្រិតអូឡាំពិក) ជាពិសេស ការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ កីឡាផងដែរ។ បន្ថែមលើសនេះ ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្ដី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំការប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងហ្លាយ ហើយទីបំផុត ក៏អាចរៀបចំការប្រកួតស៊ីហ្គេមបានតាមការគ្រោងទុក។ ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ឯកឧត្ដមពិតជាមានក្ដីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង។  សូមជម្រាបថា ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ។ ដ្បិតការរៀបចំឡើងលើកដំបូងនេះ បន្ទាប់ពីខកខានជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិសទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលឹកឡើងវិញនូវស្មារតីកីឡាអូរឡាំពិក៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង