សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹង ក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួនបន្តទៀត ឱ្យស័ក្ដិសមនឹងរហ័សនាមថាជាកងទ័ពអាវស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យគ្រូពេទ្យទាំងអស់ ត្រូវខិតខំបន្តពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនបន្តទៀត ឱ្យស័ក្ដិសមនឹងរហ័សនាមថាជាកងទ័ពអាវស ក្នុងការបម្រើដល់សុខុមាលភាពជូនប្រជាជនឱ្យមានភាពកាន់តែល្អប្រសើរឡើង។ ការលើកឡើរបស់សម្ដេចតេជោបែបនេះ ត្រូវបានធ្វើឡើងក្នុងខណៈដែលសម្ដេចតេជោអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជិត ១ ៤០០ នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។  ជាមួយនឹងការសម្ដែងនូវការអបអរសាទរ ចំពោះវឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា វិស័យសុខាភិបាល និងវិស័យអប់រំ ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរជាខ្លាំង នាពេលកន្លងទៅ ដោយវិស័យទាំងពីរនេះ គឺរាជរដ្ឋាភិបាលបានផ្ដល់ក្របខ័ណ្ឌច្រើនជាងគេ ដែលផ្ទុយពី វិស័យផ្សេងទៀត ឯស្ថាប័នដទៃទៀត បើចូលនិវត្តន៍ម្នាក់ អនុញ្ញាតឱ្យរើសម្នាក់ ជួនកាល ចូលនិវត្តន៍ ពីរនាក់ ឱ្យរើសតែម្នាក់ទេ។ ប៉ុន្តែក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ គឺយើងផ្ដល់លទ្ធភាពច្រើន ដើម្បីបម្រើនូវសេចក្ដីត្រូវការសម្រាប់ការព្យាបាលប្រជាជនរបស់យើង។ សម្តេចតេជោគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ដែលបរទេសចូលចិត្តបញ្ជូនមនុស្សមកដកស្រង់បទពិសោធន៍ និងសិក្សាពីភាពជោគជ័យ មិនថាតែវិស័យសុខាភិបាលប៉ុណ្ណោះទេ វិស័យផ្សេងទៀតក៏មកសិក្សាឈ្វេងយល់ផងដែរ។ សម្រាប់វិស័យសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍នៃភាពជោគជ័យ ដែលកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ហើយមានប្រទេសមួយចំនួន បានមកដកស្រង់បទពិសោធន៍ជោគជ័យនេះ។  សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីជឿជាក់ថា កម្ពុជានឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ បាននៅក្នុងឆ្នាំ២០២៥ តាមផែនការដែលបានគ្រោងទុក ដោយសារបច្ចុប្បន្នអត្រាករណីឆ្លងបានធ្លាក់ចុះជាលំដាប់។ សម្ដេចតេជោ ក៏មានមោទនភាពជាមួយការឈានឡើង លើវិស័យសុខាភិបាលរបស់កម្ពុជា គ្រាដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង ដោយសម្តេចបានកោតសរសើរ ដល់ក្រសួងសុខាភិបាល សាកលវិទ្យាល័យសុខាភិបាល ក៏ដូចជា សាស្ត្រាចារ្យទាំងអស់ ដែលបានជម្នះការលំបាកបង្កើត បានធនធានមនុស្សក្នុងវិស័យសុខាភិបាល ហើយបើធៀបចំណុចចាប់ផ្តើមរបស់កម្ពុជា ក្រោយរបបខ្មែរក្រហម បច្ចុប្បន្នស្ថានភាពសុខាភិបាលរបស់កម្ពុជា មានភាពល្អប្រសើរច្រើន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងសង្កត់ធ្ងន់ថា៖ «ការប្រែប្រួលអាកាសធាតុបាននាំមកនូវជំងឺថ្មីៗជាច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍ សមត្ថភាពគ្រូពេទ្យ»។  ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គឺជាគ្រឹះស្ថានអប់រំមួយរបស់រដ្ឋបណ្តុះបណ្តាលចំណេះជំនាញផ្នែកសុខាភិបាល។ ឯកឧត្ដមបន្ដថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទទួលបានការទទួលស្គាល់គុណភាពពេញសិទ្ធិរយៈពេល០៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ពីគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា។ គិតចាប់ពីឆ្នាំ២០០១ ដែលសាកលវិទ្យាល័យបានក្លាយជាគ្រឹះស្ថានសាធារណរដ្ឋរហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានសាងសង់បន្ថែមអគារសិក្សាចំនួន ០៤អគារ មានចំនួន ៨០បន្ទប់ និងសហសាលសម្រាប់និស្សិតសិក្សា។ សាកលវិទ្យាល័យ ក៏កំពុងសាងសង់អគារបន្ថែម ចំនួន ០១ នៅទីតាំងទី១ របស់សាកលវិទ្យាល័យ កម្ពស់ ៨ជាន់ មានចំនួន ៥១បន្ទប់ និងក្នុងពេលឆាប់ៗខាងមុខនេះ គ្រោងរៀបចំសាងសង់អគារសិក្សា ១បន្ថែមទៀត ដែលមានកម្ពស់ ៨ជាន់ នៅទីតាំងទី២ របស់សាកលវិទ្យាល័យ។ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ ចំនួន ២ ៣៨៤ នាក់ និងមាននិស្សិតកំពុងសិក្សាចំនួន ៥ ៩៥៣ នាក់ (ស្រីចំនួន ៣ ៤០១ នាក់) ដែលក្នុងនោះ និស្សិតចំនួន ៤៤៤នាក់ (ស្រ្តីចំនួន ២៦៩នាក់) បានទទួលអាហារូបករណ៍បង់ថ្លៃជំនួសពីរាជរដ្ឋាភិបាល និងនិស្សិតវេជ្ជបណ្ឌិតឯកទេស ចំនួន ៨៦នាក់ (ស្រី្តចំនួន ២៨នាក់) បានទទួលអាហារូបករណ៍ផ្ទាល់ពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានចំនួន ៣១ ២០២ នាក់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង