ចោរមួយក្រុមបាញ់ប្លន់មន្រ្តីប៉ូលិសព្រំដែនម្នាក់កំពុងយកមាសទៅឲ្យប្រពន្ធលក់នៅផ្សារស្ទឹងមានជ័យចាស់់អស់ជាង២០ម៉ឺនដុល្លារ

ភ្នំពេញ៖ ប៉ូលិសព្រំដែនម្នាក់រងរបួសបែកក្បាល ខណ:កំពុងវេចមាសផ្លាកទីននិងលុយយកទៅឲ្យប្រពន្ធដាក់លក់ ក្នុងផ្សារស្ទឹងមានជ័យចាស់ ត្រូវបានចោរមួយក្រុមស្ទាក់ប្លន់យកទៅអស់រលីង។ហេតុការណ៍បាញ់វាយប្លន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងផ្សារស្ទឹងមានជ័យចាស់ ក្រុម១ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើមានឈ្មោះ អ៊ន ហៀក ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរមន្ត្រីប៉ូលិសព្រំដែន ស្នាក់នៅផ្ទះលេខ៧៨ ក្រុម២ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័១ ខណ្ឌមានជ័យ។ ចំណែកប្រពន្ធឈ្មោះ អ៊ុង ផល្លា អាយុ៥២ឆ្នាំ មុខរបរលក់មាស ស្នាក់នៅជាមួយគ្នា។  យោងតាមប្រភពព័ត៍មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានស្ពាយមាសទឹក១០ចំនួន១២តំលឹង ផ្លាកទីនទឹក៧និងទឹក៣ចំនួន២០០តំលឹង និងលុយខ្មែរ១៥០០០០០រៀល ចេញពីផ្ទះរបស់គាត់រួចដើរទៅតូបលក់មាសរបស់ប្រពន្ធគាត់ នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ស្របពេលនោះក៏មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងប្រដាប់ដោយអាវុធខ្លី១ដើម ជិះតាមគាត់ពីក្រោយហើយដកកាំភ្លើងវាយក្បាលរបស់គាត់ រួចប្រតាយប្រតបគ្នាដណ្តើមយកកាបូបដាក់គ្រឿងអលង្ការបស់គាត់ រួចបាញ់គំរាមក្រុមអាជីវករចំនួន៣គ្រាប់ ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។  ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ កម្លាំងជំនាញនគរបាលខណ្ឌមានជ័យ កម្លាំងព្រំទណ្ឌកំរិតធ្ងន់ និងស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌនិងក្រុង កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះទៅទីតាំងកើតហេតុ ដើម្បីបើកការដ្រាវជ្រាវតាមកាំម៉េរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យខាងលើ ស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង