អ្នកលេងគុនមួយថៃលើទីលានបាល់ទាត់ បានទៅសូមទោសគ្រូជំនួយក្រុមឥណ្ឌូណេស៊ីរងរបួសកាលពីយប់មិញហើយ
ស៊ីហ្គេម៖ ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស លើវិញ្ញាសាបាត់ទាត់បុរសអាយុក្រោម២២ឆ្នាំ កាលពីយប់មិញរវាងក្រុមបាល់ទាត់ឥណ្ឌូណេស៊ី និងក្រុមបាល់ទាត់ថៃ បានកក្រើកពេញបណ្តាញសង្គមធំៗ ដូចជា ធ្វីទ័រ ទីកតុក ហ្វេសប៊ុក និងអ៊ីស្តាក្រាម ខណៈដែលកីឡាករ គ្រូជំនួយ និងមន្ត្រីសម្របសម្រួលក្រុមកីឡាករថៃផ្ទុះជម្លោះហិង្សារហូតគ្រូជំនួយខាងក្រុមឥណ្ឌូណេស៊ីរងរបួសធ្ងន់ត្រូវគ្រាចេញពីទីលាននោះ ពេលនេះ ភាគីថៃដែលជាជនបង្កបានទៅសម្រុះសម្រួល និងសុំការអភ័យទោសពីលោកគ្រូជំនួយរូបនោះហើយ….។ សូមរំឭកថា ការប្រកួតដ៏ក្ដៅគគុករវាងក្រុមទាំងពីរខាងលើ គឺបន្ទាប់ពីក្រុមឥណ្ឌូណេស៊ី បាននាំមុខក្រុមថៃ ២-០ នៅតង់ទី១ ខណៈដែលថៃតាមបាន១គ្រាប់វិញនៅតង់ទី២ ហើយនៅនាទី៩០បូក៧ ដែលជិតនឹងបញ្ចប់ការប្រកួតទៅហើយ កីឡាករខ្សែប្រយុទ្ធលេខ៩របស់ក្រុមថៃ បានទាត់បាល់បញ្ចូលទីតាមបានស្មើ ២-២ ធ្វើឱ្យក្រុមឥណ្ឌូណេស៊ីចេញតវ៉ាមួយប្រាវដែរ ប៉ុន្តែ..ក្រោយលោកអាជ្ញាកណ្ដាលលើទីលានសម្របសម្រួល ក្រុមទាំងពីរបានបន្តប្រកួតដោយវគ្គបន្ថែមម៉ោង១៥នាទីពីរដង។ កីឡាករលេខ១៧ របស់ក្រុមឥណ្ឌូណេស៊ី បានរកគ្រាប់បាល់នាំមុខ ៣-២ សាជាថ្មីនៅនាទី១០៥ បន្ទាប់លោកអាជ្ញាកណ្ដាលផ្លុំកញ្ចែបន្តការប្រកួត ហើយក៏ជាចំណុចចាប់ផ្តើមនៃការផ្ទុះជម្លោះរបស់ក្រុមទាំងពីរផងដែរ។ ពោលគឺនៅពេលដែលក្រុមកីឡាករបម្រុងរបស់ក្រុមឥណ្ឌូណេស៊ី នាំគ្នារត់ស្រែកអបអរនៅទីលាន ពេលនោះខាងភាគីថៃបានផ្ទុះកំហឹង និងឈានដល់ការប្រើអំពើហិង្សាតែម្ដង។ ជាមួយគ្នានោះ គ្រូជំនួយខាងក្រុមឥណ្ឌូណេស៊ីម្នាក់ បានរងរបួសធ្ងន់ ត្រូវបានអាជ្ញាធរសមត្ថកិច្ចកម្ពុជា គ្រាចូលទៅក្នុងសាលសង្គ្រោះបឋម..។ យ៉ាងណា ការប្រកួតបានបញ្ចប់ដោយលទ្ធផល ៥-២ បន្ទាប់ពីលេងនៅវគ្គ១៥នាទីលើកទី២នៃម៉ោងបន្ថែម ហើយក្រុមឥណ្ឌូណេស៊ី រកបានគ្រាប់បាល់ជ័យជម្នះ២គ្រាប់បន្ថែមទៀត។ ដោយឡែក បើយើងក្រលេកទៅមើលសកម្មភាពវីដេអូផ្សាយផ្ទាល់ គ្រូជំនួយដែលរងរបួសពីការវាយដំនៃការប៉ះទង្គិចគ្នាមួយប្រាវនោះ គឺជាមេប៉ូលិសជាន់ខ្ពស់មួយរូប ប្រចាំប្រទេសឥណ្ឌូណេស៊ី និងបានរងរបួសព្រោះតែមន្ត្រីសម្របសម្រួលក្រុមបាល់ទាត់ថៃ វាយបែកមាត់។ ទោះយ៉ាងណា នៅព្រឹកថ្ងៃទី១៧ឿសភានេះ មន្ត្រីសម្របសម្រួលក្រុមកីឡាករថៃរូបនោះ បានធ្វើដំណើរទៅបន្ទប់ស្នាក់នៅរបស់គ្រូជំនួយក្រុមឥណ្ឌូណេស៊ី ដោយបានយំសុំការអភ័យទោស និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តិនៅអំឡុងពេលការប្រកួតបាល់ទាត់នៃក្រុមទាំងពីរផងដែរ។ យ៉ាងណា ក្រុមឥណ្ឌូណេស៊ី បានទទួលយកការសូមអភ័យទោស និងការសុំសម្រុះសម្រួលនោះហើយ ព្រមទាំងបានចាប់ដៃឱបគ្នា ក្នុងនាមជាប្រជាជាតិអាស៊ានតែមួយដើម្បីបញ្ចប់ជម្លោះ…៕ សម្រួលដោយ ទៀង បុណ្ណរី