ចំនួនអ្នកស្លា.ប់ដោយសារខ្យល់ព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ា កើនឡើងដល់៨១នាក់
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយព្យុះស៊ីក្លូន បានកើនឡើងដល់យ៉ាងហោចណាស់ ៨១នាក់នៅថ្ងៃអង្គារទី ១៦ ខែឧសភា នេះបើយោងតាមមេដឹកនាំក្នុងតំបន់ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈដែលអ្នកស្រុកកំពុងរង់ចាំជំនួយ និងការឧបត្ថម្ភ។ ខ្យល់ព្យុះ Mocha បានបង្កឱ្យមានការបាក់ដីកាលពីថ្ងៃអាទិត្យ ជាមួយនឹងកម្លាំងខ្យល់រហូតដល់ ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានធ្វើឱ្យបាក់បង្គោលភ្លើង និងបំផ្លិចបំផ្លាញទូកនេសាទអស់ជាច្រើនគ្រឿង។ មេដឹកនាំក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មាន AFP នៅកន្លែងកើតហេតុថា យ៉ាងហោចណាស់មនុស្ស ៤៦នាក់បានស្លាប់នៅក្នុងភូមិរដ្ឋរ៉ាឃីន (Rakhine) និងភូមិខុងដូកកា (Khaung Doke Kar) ដែលជាទីជម្រករបស់ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ យោងតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានឱ្យដឹងថា មនុស្សចំនួន១៣នាក់បានស្លាប់នៅពេលដែលវត្តមួយបានដួលរលំនៅក្នុងភូមិមួយក្នុងសង្កាត់ Rathedaung ហើយស្ត្រីម្នាក់បានស្លាប់នៅពេលដែលអគារមួយបានដួលរលំនៅក្នុងភូមិជិតនោះ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំក្នុងតំបន់បានលើកឡើងថា ចំនួនអ្នកស្លាប់នឹងកើនឡើងកាន់តែច្រើនបន្ថែមទៀត ខណៈដែលមនុស្សជាងមួយរយនាក់កំពុងបាត់ខ្លួន។ គួរបញ្ជាក់ថា ខ្យល់ព្យុះ Mocha គឺជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតដែលបានវាយលុកតំបន់នេះក្នុងរយៈពេលជាងមួយទស្សវត្សរ៍ និងបានបក់បោកទៅលើភូមិស្រុកនានា និងផ្តាច់ទំនាក់ទំនងនៅទូទាំងតំបន់រ៉ាឃីន៕ សម្រួលដោយ ទៀង បុណ្ណរី