សមត្ថកិច្ចក្រុងប៉ោយប៉ែត បញ្ចូនខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីកា.ប់ប្ល.ន់ម៉ូតូទៅស្នងការខេត្ត

ខេត្តបន្ទាយមានជ័យ៖ អធិការនគរបាលក្រុងប៉ោយប៉ែត​​ បានបញ្ជូនជនសង្ស័យ៤នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ និងលួចកាច់សោករម៉ូតូទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។  លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន៤នាក់រួមមាន៖ ១.ឈ្មោះ រីណា ច័ន្ទហ្វី ភេទប្រុស អាយុ១៥ឆ្នាំ , ២.ឈ្មោះ រើក ធី ភេទប្រុស អាយុ១៥ឆ្នាំ , ៣.ឈ្មោះ វុធ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ,៤.ឈ្មោះ សាំង ស៊ីឡូ ភេទប្រុស អាយុ១៨ឆ្នាំ ដែលអ្នកទាំង៤ រស់​នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ លោកបន្តថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបុរីសុខស្រេង ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីជនសង្ស័យ១ក្រុម មានគ្នា៤នាក់ប្រដាប់ដោយកាំបិត​ និងពូថៅ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះយក​ម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ១X.៣១៤៥ តែយកមិនបាន ក៏ជិះម៉ូតូគេចខ្លួនបាត់ហើយក្រុមនេះ ក៏ជាមុខសញ្ញាកាច់សោ-កម៉ូតូ១គ្រឿង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣​ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងសិរីសោភ័ណ​ ផងដែរ។  លោកបានបន្ថែមទៀតថា​ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនគរបាលក្រុងបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់ខ្លួនបាន៤នាក់ ដែលឃាត់បានកាលពីថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០២៣ ក្នុងចំណោមនោះ មាន៣នាក់​ខាងកាប់យកម៉ូតូ​ និងម្នាក់ទៀតជំនាញខាងលួចកាច់សោ-កម៉ូតូ…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង