សូមប្រុងប្រយ័ត្ន! កម្ពុជានៅតែបន្តធ្លាក់ភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពេញមួយសប្តាហ៍
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះថា ចាប់ពីស្អែកកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមដោយផ្នែកខ្លះអាចច្រើនព្រមទាំងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្ដាហ៍បន្តទៀត ដោយសារតែទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅមធ្យម។ ក្រសួងបានអះអាងថា៖ « មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និង ខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម»។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេស ដោយក្នុងនោះនៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៦ ទៅ ២៨អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៦ទៅ ៣៨អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៥ ទៅ ៣៧អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្គួរដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៥ទៅ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៣ ទៅ ៣៥អង្សាសេ ដែលអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម។ បន្តពីថ្ងៃទី២០-២៣ ខែឧសភា បរិមាណភ្លៀងអាចកើនក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី