បន្ទាប់ពីមានការចាញ់ឆ្នោត តើលោក ប្រាយុទ្ធ នឹងលែងប្រឡូកក្នុងឆាកនយោបាយឬយ៉ាងណា?
រឿងរ៉ាវពាក់ព័ន្ធនឹងជីវិតនយោបាយរបស់លោក ប្រាយុទ្ធ ចាន់អូចា អំពីថាតើលោកនឹងលែងប្រឡូកក្នុងអាជីពមួយនេះឬក៏យ៉ាងណា បន្ទាប់ពីរងបរាជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ក្រោមកណ្ដាប់ដៃរបស់បក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងផ្ទុះការចង់ដឹងយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងប្រទេសថៃ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Thanakorn Wangboonkongchana អនុប្រធានគណបក្សថៃរួបរួមជាតិ (UTN) បាននិយាយកាលពីថ្ងៃចន្ទថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា អាចនឹងពិចារណាបញ្ចប់អាជីពនយោបាយរបស់លោក បន្ទាប់ពីការបោះឆ្នោតនេះហើយ ។ លោក Thanakorn បានលើកឡើងថា ទោះបីជាលោកមិនបានជួបពិភាក្សាជាមួយលោក ប្រាយុទ្ធ អំពីផែនការរបស់លោកសម្រាប់អនាគតទៅមុខក៏ដោយ ប៉ុន្តែលោកជឿជាក់ថា លោក ប្រាយុទ្ធ អាចនឹងបញ្ចប់អាជីពនយោបាយ ដោយសារតែអំឡុងពេលលោកកាន់ជានាយករដ្ឋមន្ត្រី លោកបានធ្វើការឲ្យប្រទេសថៃពេញមួយជីវិតរបស់លោកទៅហើយ ជាពិសេសលោកបានបម្រើផលប្រយោជន៍ដល់ប្រជាជនថៃក្នុងរយៈពេល ៨ ឆ្នាំមកនេះ ដូច្នេះវាគ្រប់គ្រាន់ហើយសម្រាប់លោក ប្រាយុទ្ធ ប្រឡូកក្នុងឆាកនយោបាយមួយនេះ ។ទន្ទឹមនោះ បន្ទាប់ពីគណបក្សថៃរួបរួមជាតិ (UTN) ដែលមានលោក ប្រាយុទ្ធ ជាបេក្ខជននាយករដ្ឋមន្ត្រី បានបរាជ័យក្នុងការទទួលបានអាសនៈសភាច្រើនដូចការរំពឹងទុក, លោក Thanakorn បាននិយាយថា លោកនឹងធ្វើតាមការសម្រេចចិត្តណាមួយរបស់លោក ប្រាយុទ្ធ ដោយសារតែលោកបានចូលជ្រកកោនក្នុងបក្សមួយនេះ ក៏ព្រោះតែលោក ប្រាយុទ្ធ ផងដែរ ជាពិសេសលោកនាយករដ្ឋមន្ត្រីរូបនេះស្ថិតក្នុងបេះដូងរបស់ប្រជាជនថៃជាយូរមកហើយ ។ ក្នុងកាលៈទេសៈនេះដែរ លោកបានជូនពរលោក ប្រាយុទ្ធ ឲ្យមានសុភមង្គលក្នុងជីវិត ព្រោះតាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមក លោកមិនបានទៅណាទេ ក្រៅពីផ្ដោតសំខាន់លើការងារដឹកនាំប្រទេសនោះទេ ។ គួរបញ្ជាក់ថា គណបក្សថៃរួបរួមជាតិ (UNT) របស់លោក ប្រាយុទ្ធ មិនទទួលបានអាសនៈសភាច្រើនដូចការរំពឹងទុកនោះទេ ពោលគណបក្សមួយនេះបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសភាចំនួន ៥០០ អាសនៈ ខណៈបក្សចលនាឆ្ពោះទៅមុខរបស់លោកបេក្ខជននាយករដ្ឋមន្ត្រីថ្មីគឺលោក ភីថា លីមចារើនរ៉ាត់ ទទួលបានរហូតដល់ ១៥១ អាសនៈ តាមពីក្រោយដោយគណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ដែលមានចំនួន ១៤១ អាសនៈ ៕ សម្រួលដោយ ទៀង បុណ្ណរី