លោកហ្សេឡេនស្គី នឹងធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស
លោកប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃចន្ទទី១៥ ខែឧសភាថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីហ្ស៊ី ស៊ូណាក់ (Rishi Sunak) ដែលជាផ្នែកមួយនៃដំណើរទស្សនៈកិច្ចនៃសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗមួយចំនួន មុនពេលការវាយលុកដ៏ធំរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី…។ លោក ហ្សេឡេនស្គី បានជួបជាមួយមេដឹកនាំអាល្លឺម៉ង់ និងបារាំង ក៏ដូចជាមន្ត្រីអ៊ីតាលីកាលពីចុងសប្តាហ៍មុនក្នុងដំណើរទស្សនកិច្ចខ្យល់កួច ដើម្បីជំរុញការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយនៅលើបណ្តាញសង្គមធ្វីតធ័រថា៖ «ថ្ងៃនេះ ចក្រភពអង់គ្លេស គឺជាអ្នកដឹកនាំកិច្ចពិភាក្សាការរពង្រីកសមត្ថភាពរបស់យើងនៅលើដី និងនៅលើអាកាស ហើយកិច្ចសហប្រតិបត្តិការនេះនឹងបន្តនៅថ្ងៃនេះ។ ខ្ញុំនឹងជួបមិត្តរបស់ខ្ញុំ លោក រីហ្ស៊ី។ យើងនឹងធ្វើការចរចាយ៉ាងសំខាន់ទល់មុខគ្នា និងមុខគណៈប្រតិភូ»។ សូមរំឭកថា កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលចាប់ផ្តើមផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលនឹងអនុញ្ញាតឱ្យកងកម្លាំងរបស់ទីក្រុងកៀវ វាយប្រហារលើកងទ័ពរុស្ស៊ី និងជីករណ្តៅជ្រៅនៅពីក្រោយជួរមុខ៕ សម្រួលដោយ ទៀង បុណ្ណរី