អាជ្ញាធរខេត្តបន្ទាយមានជ័យទុកពេល១សប្តាហ៍ឱ្យម្ចាស់សំណង់ដែលរំលោភផ្លូវ រុះរើចេញ
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសំណង់អាគារដែលបានសាងសង់រំលោភលើផ្លូវសាធារណៈ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងអប់រំណែនាំម្ចាស់ទីតាំងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ និងរុះរើចេញក្នុងរយៈពេល៧ថ្ងៃ បើពុំដូចនោះទេត្រូវប្រឈមមុខទៅតាមផ្លូវច្បាប់។ ការចុះត្រួតពិនិត្យ និងចុះកិច្ចសន្យានេះបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ពោលគឺបន្តធ្វើសកម្មភាពអប់រំដល់ពលរដ្ឋដែលបានសាងសង់រំលោភចូលចំណីផ្លូវជាបន្តបន្ទាប់។ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះអាជ្ញាធរបានហៅម្ចាស់សំណង់អាគារមួយកន្លែង ឈ្មោះ តាំង ហ័រឃីម ជាអាជីវករលក់ទូរសព្ទដៃ ដែលបានសាងសំណង់រំលោភដីចំណីផ្លូវ ទទឹងជាង ២ម៉ែត្រ និងបណ្តោយជិត ២០ម៉ែត្រ មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងទុករយៈពេល១សប្តាហ៍ ឱ្យម្ចាស់ទីតាំងរុះរើសំណង់ចេញតាមការកំណត់។ សូមជម្រាបថា អាជ្ញាធរខេត្តបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាម្ចាស់សំណង់ដទៃទៀត កុំសាងសង់សំណង់រំលោភយកដីផ្លូវរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនឱ្យសោះ ព្រោះនេះជាអំពើល្មើសច្បាប់ហើយបើក្នុងករណីសាងសង់ហើយត្រូវរុះរើចេញជាបន្ទាន់ជៀវវាងបង្កជាផលប៉ះពាល់ដល់អ្នកជិតខាង បើមិនដូច្នេះទេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី