ក្រុមបាល់ទាត់នារីកម្ពុជាប៉ះថៃដណ្តើមមេដាយសំរឹទ្ធរសៀលនេះ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាត្រូវប្រជែងជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីថៃដើម្បីមេដាយសំរឹទ្ធ វេលាម៉ោង៤រសៀលថ្ងៃទី១៥ ខែឧសភានេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះជាការជួបគ្នាលើកទី២ក្នុងកីឡាស៊ីហ្គេម រវាងក្រុមនារីកម្ពុជា និងថៃ បន្ទាប់ពីជួបគ្នាលើកទី១វគ្គសន្សំពិន្ទុក្នុងពូល ម្ចាស់ផ្ទះកម្ពុជាបានចាញ់ថៃ ៤-០ ដូច្នេះជំនួបនេះពិតជាសំខាន់ណាស់សម្រាប់ក្រុមនារីកម្ពុជាដើម្បីបង្កើតកំណត់ត្រាមេដាយលើកដំបូង និងជាឱកាសសងសឹកថៃថែមទៀត។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាបានចាញ់ក្រុមនារីវៀតណាមដោយលទ្ធផល ៤-០ ខណៈក្រុមនារីថៃបានចាញ់ក្រុមនារីមីយ៉ាន់ម៉ាដោយលទ្ធផល ២-៤។ កាលវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជា ឈ្នះ២ និងចាញ់២ ហើយនារីថៃបានឈ្នះទាំង៣ប្រកួតដើម្បីឡើងវគ្គ៤ក្រុមចុងក្រោយដូចគ្នា។ ប្រវត្តិជួបគ្នាទើបតែបាន២លើកប៉ុណ្ណោះរវាងក្រុមបាល់ទាត់នារីកម្ពុជា និងក្រុមបាល់ទាត់នារីថៃ ហើយថ្ងៃនេះជាការជួបគ្នាលើកទី៣។ ជួបគ្នាលើកទី១ កាលពីឆ្នាំ២០១១ ក្រុមនារីកម្ពុជាបានចាញ់ថៃដោយលទ្ធផល ០-១១ ក្នុងព្រឹត្តិការណ៍ជើងឯកនារីអាស៊ាន និងលើកទី២ ក្រុមនារីកម្ពុជាចាញ់ ៤-០ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជាជាលើកដំបូងដែលបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងមិនធ្លាប់ឈ្នះមេដាយឡើយ ប្រៀបធៀបនឹងក្រុមបាល់ទាត់នារីថៃធ្លាប់ឈ្នះមេដាយមាស៥ដង ប្រាក់៥ដង និងសំរឹទ្ធ២ដង។ ដូច្នេះប្រសិនបើ ក្រុមនារីកម្ពុជាចាញ់ក្រុមនារីថៃហាក់គ្មានអ្វីចម្លែកទេ ប៉ុន្តែប្រសិនបើក្រុមនារីកម្ពុជាទទួលជ័យជម្នះ នោះនឹងកើតមានកំណត់ត្រា និងប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា៕ សម្រួលដោយ ទៀង បុណ្ណរី