ឡាននីសសាន់មិនប្រកាន់ស្តាំ បុកគោយន្ដកន្ត្រៃ ស្លាប់មនុស្សនិងរបួស៨នាក់ នៅស្រុកកំពង់សៀម
កំពង់ចាម: យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៤នាក់ ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរនេះបានកេីតមានឡេីងកាលពីវេលាម៉ោង៣ និង៣៥នាទី ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខណៈអ្នកបេីកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។ មន្ត្រីនគរបាលស្រុកកំពង់សៀម បានឱ្យដឹងថា កាលពីវេលាកេីតហេតុ គេបានឃើញរថយន្តម៉ាក nissan brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយគោយន្ដកន្ត្រៃបណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ និង រងរបួស ៤នាក់ ក្នុងនោះ១-អ្នកបើកបរកាឡេថង ឈ្មោះ វ័ន ខន ភេទប្រុស អាយុ ៤០ឆ្នាំ(ស្លាប់ ) ២-អ្នករួមដំណើរឈ្មោះ គង់ ខុម ភេទស្រី អាយុ ៤០ឆ្នាំ (ស្លាប់) ៣-អ្នករួមដំណើរឈ្មោះ សយ កេន ភេទស្រី អាយុ ៦០ឆ្នាំ (ស្លាប់) ៤-អ្នករួមដំណើរឈ្មោះ នៅ ឈីន ភេទស្រី អាយុ ៥៩ឆ្នាំ (ស្លាប់) ។ សមត្ថកិច្ចបានបន្តថា ចំពោះអ្នករួមដំណើរចំនួន៤ រងរបួសធ្ងន់ ៤នាក់ ១-ឈ្មោះ អន ចាន់ថេង ភេទស្រីអាយុ ៣៦ឆ្នាំ (របួសធ្ងន់) ២-ឈ្មោះ គង់ កេង ភេទស្រី អាយុ ៥២ឆ្នាំ (របួសធ្ងន់) ៣-ឈ្មោះ គង់ ខន ភេទស្រី អាយុ ៣៧ឆ្នាំ (របួសធ្ងន់) និង៤-ឈ្មោះ គង់ ទូច ភេទស្រី អាយុ ២៧ឆ្នាំ (របួសធ្ងន់) ជនរងគ្រោះទាំង៨នាក់ មានទីលំនៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលគោយន្ដបើកបរពីលិចទៅកើត (ច្រាស់ទិសគ្នា) ។ សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមូលហេតុ គឺរថយន្តម៉ាកនីសសាន់ បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿន ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ ស្រី ៣នាក់ នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ចំនួន ៤នាក់ (ស្រី) ខូចខាត:រថយន្ត និង កាឡេថង(កម្រិតធ្ងន់) ។ វត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពទាំង ៤នាក់ ត្រូវបានប្រគល់ទៅឱ្យសាច់ញាតិ ដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះអ្នកបើកបររថយន្តបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ហើយបានធ្វើតេស្តស្វែងរកសារធាតុញៀន និងគ្រឿងស្រវឹង ពិនិត្យឃើញថា(អវិជ្ជមាន) ៕ សម្រួលដោយ ទៀង បុណ្ណរី