ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបងប្អូនអតីតយុទ្ធជនខេត្តកំពង់ចាម

ព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលាខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូនអតីតយុទ្ធជនខេត្តកំពង់ចាម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គ លេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួម ពីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងបងប្អូនអតីតយុទ្ធជនខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ប្រមាណជាង២០០នាក់។  ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការសាក សួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមជូន ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែបានគិតគូរដល់ សុខទុក្ខ របស់បងប្អូនអតីតយុទ្ធជនយើងជានិច្ច និងបានថ្លែងអំណរគុណចំពោះ បងប្អូនអតីត យុទ្ធជនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជា ប្រធានគណបក្ស។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្ត យកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ ដូចជាការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ ការផ្តល់របបសន្តិសុខសង្គម ជាពិសេសការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងការទទួលប្រាក់សោធននិវត្តន៍ជារៀងរាល់ខែជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជនយើងកាន់តែប្រសើរឡើងថែមទៀត។  ឯកឧត្តម គន់ គីម បានបញ្ជាក់ថា ការបំពាក់មេដាយជូនដល់បងប្អូនអតីតយុទ្ធជននា ពេលនេះ គឺជាការគិតគូរខ្ពស់របស់ប្រមុខដឹកនាំ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការលើកកិត្តិយស និងការតបស្នងនូវអ្វី ដែលបងប្អូនសមាជិក នៃអតីតយុទ្ធជនរបស់យើង បានចូលរួមចំណែកក្នុងការការពារបូរណ ភាពទឹកដីនាំមកនូវ សុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។  ឯកឧត្តម គន់ គីម បានអំពាវនាវដល់បងប្អូនបន្ដគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រធាន ក្នុងការបោះឆ្នោតខាងមុខនេះដើម្បីគាំទ្រឱ្យសម្ដេច ដឹកនាំប្រទេសជាតិក្នុងការធ្វើការអភិវឌ្ឍប្រទេសជាតិ និងជំរុញដល់ប្រធានសមាគម អតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជន។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់ប្រធានសមាគមអតីតយុទ្ធជន ខេត្ត ត្រូវបន្តពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន និងរៀបចំការប្រគល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដែលពុំមានដីរួមនិងសាងសង់ផ្ទះជូនដល់គ្រួសារដែលជួបការលំបាកក្នុង ការរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែមានភាពប្រសើរជាងមុន។  នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជន ក្នុងម្នាក់ៗទទួលបាន ថវិកា៨ម៉ឺនរៀល ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង