ដំណាំស្រូវខេត្តកំពង់ធំក្រៅពីផ្គត់ផ្គង់ក្នុងខេត្តសល់ស្រូវជាង៦៨មុឺនតោនសម្រាប់នាំចេញ

ដំណាំស្រូវខេត្តកំពង់ធំក្រៅពីផ្គត់ផ្គង់ក្នុងខេត្តសល់ស្រូវជាង៦៨ មុឺនតោនសម្រាប់នាំចេញទៅក្រៅប្រទេស ដែលនេះបង្ហាញពីការរីកចម្រើនលើវិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។  លោក ប៉ែន វណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានឲ្យដឹងថា  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យទាំងវិស័យអប់រំវិស័យសុខុមាលភាពសង្គមវិស័យទឹកស្អាត វិស័យទេសចរណ៍វិស័យបរិស្ថាន ពិសេសគឺវិស័យកសិកម្ម កសិឧស្សាហកម្ម។ ល។លោកបានបន្តថា ដោយសារខេត្ត កំពង់ធំឈរលើសក្កានុពលសំបូរបែបដីមានជីជាតិល្អអំណោយផលដល់វិស័យកសិកម្ម ពិសេសមន្ទីរកសិកម្មខេត្តបានខិតខំប្រឹងប្រែងអនុវត្តផែនការសំខាន់ៗដែលក្រសួងកសិកម្មបានដាក់ទិសដៅឲ្យ ដូចជាជំរុញនិងផ្តល់បច្ចេកទេសដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើន ផលលើដំណាំស្រូវទាំងស្រូវប្រាំងនិងស្រូវវស្សាដែលជាដំណាំសក្តានុពលមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។  លោកបញ្ជាក់ថា ខេត្តកំពង់ធំក៏ជាជង្រុកស្រូវទី៥ បន្ទាប់ពីខេត្តបាត់ដំ បង បន្ទាយមានជ័យ  តាកែវនិង ព្រៃវែង ខណៈកាលពីឆ្នាំ២០២២ខេត្តកំពង់ធំសល់ស្រូវជាង៦៨មុឺនតោនសម្រាប់នាំចេញ។  “ខេត្តកំពង់ធំគឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់លើដំណាំស្រូវជាក់ស្ដែងក្នុងឆ្នាំកន្លងទៅក្រៅពីកាត់សម្រាប់ការហូបចុកកាត់ទុកធ្វើចំណីសត្វនិងទុកពូជដាំពេលក្រោយនៅទូទាំងខេត្តកំពង់ធំទាំងមូលក៏សល់ស្រូវជាង ៦៨ម៉ឺនតោនសម្រាប់លក់ក្នុងស្រុកនិងនាំចេញ”។  លោកបានបន្ថែមថា  វិស័យកសិកម្មពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ការបង្កើនការងារដល់ប្រជាពលរដ្ឋកាត់ បន្ថយការចំណាកស្រុក។  គួរជម្រាបផងដែរថា ការរីកចម្រើនផ្នែកកសិកម្មនៅខេត្តកំពង់ធំនាពេលនេះ ដោយសារតែប្រជាពល រដ្ឋទទួលបានការបណ្តុះបណ្តាលពីមន្រ្តីជំនាញកសិកម្មខេត្ត ហើយពលរដ្ឋខ្លះបានទៅសិក្សាពីក្រៅប្រទេសរួមផ្សំខេត្តបានអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រជាច្រើននៅទូទាំងខេត្ត ដែលធ្វើឲ្យកសិករមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ការងារ ស្រែ ចម្ការច្បារដំណាំរបស់ខ្លួន ហើយទទួលបានទិន្នផលខ្ពស់ថែមទៀតផង៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង