ឥណ្ឌូណេស៊ី និងសិង្ហបុរី ថ្កោលទោសការបាញ់ប្រហារលើមន្ត្រីអាស៊ានក្នុងប្រទេសមីយ៉ាន់ម៉ា
ឥណ្ឌូណេស៊ី និងសិង្ហបុរី បានថ្កោលទោសការវាយប្រហារប្រឆាំងនឹងក្បួនរថយន្ត រួមទាំងមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សានៅក្នុងប្រទេសដែលហែកហួរដោយជម្លោះ។ គេមិនច្បាស់ទេថាតើអ្នកណាជាអ្នកនៅពីក្រោយឧប្បត្តិហេតុដែលបានកើតឡើងនៅទីប្រជុំជន ហ្ស៊ី សេង (Hsi Hseng) ភាគខាងលិចរដ្ឋហ្សាន (Shan) និងការកំណត់គោលដៅមន្ត្រីមកពីមជ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន។ នេះបើយោងទៅតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ទឺគូ ហ្វៃហ្សាយ៉ា (Teuku Faizasyah)។ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរីបាននិយាយថា បុគ្គលិកពីរនាក់នៃស្ថានទូតសិង្ហបុរីក្នុងទីក្រុងយ៉ាំងហ្គោន (Yangon)ដែលជាផ្នែកនៃក្រុមក្បួនរថយន្តមានសុវត្ថិភាព បានត្រឡប់មកទីក្រុងវិញហើយ។ ជាការពិតណាស់ សិង្ហបុរីបានជំរុញឱ្យគ្រប់ភាគីទាំងអស់ជៀសវាងអំពើហិង្សាដោយលើកទឡ្ហីករណ៍ថា ៖«មានតែការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលអាចសម្រួលដល់ដំណោះស្រាយដោយសន្តិវិធីដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា»។ ទន្ទឹមនឹងគ្នានេះដែរ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានលើកឡើងថា ឧប្បត្តិហេតុនេះនឹងមិនរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី និងអាស៊ានក្នុងការជំរុញសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា ៖««ឈប់ប្រើកម្លាំងយោធា។ បញ្ឈប់អំពើហិង្សា ព្រោះមានតែមនុស្សទេនឹងក្លាយជាជនរងគ្រោះ។ លក្ខខណ្ឌនេះនឹងមិនធ្វើឱ្យនរណាម្នាក់ឈ្នះនោះទេ»។ លោកបន្ថែមថា ឥណ្ឌូណេស៊ីលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឱ្យមានការសន្ទនា និងស្វែងរកដំណោះស្រាយ។ រដ្ឋាភិបាលស្រមោលរួបរួមជាតិរបស់មីយ៉ាន់ម៉ា ដែលជាសម្ព័ន្ធមិត្តជាមួយកងជីវពលប្រឆាំងរបបយោធា និងកងកម្លាំងការពារប្រជាជន (PDF) បានអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះទេ។ ទោះយ៉ាងនេះក្ដី PDF និងអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានលើកឡើងកាលពីសប្តាហ៍មុនថា ប្រទេសឥណ្ឌូណេស៊ីបានចូលរួមយ៉ាងស្ងប់ស្ងាត់ជាមួយរបបយោធាមីយ៉ាន់ម៉ា រដ្ឋាភិបាលស្រមោល និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដើម្បីព្យាយាមពន្លឿនដំណើរការសន្តិភាព។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភ្នក់ភ្លើងនៃអំពើហិង្សា និងភាពចលាចលផ្នែកសេដ្ឋកិច្ច ចាប់តាំងពីយោធាបានក្តោបក្តាប់អំណាចក្នុងឆ្នាំ ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ហើយបានចាប់ផ្តើមយុទ្ធនាការដ៏ឃោរឃៅមួយដើម្បីវាយប្រហារអ្នកប្រឆាំងបះបោរ។ ការវាយប្រហារយោធាកាន់តែខ្លាំង និងការប៉ះទង្គិចជាមួយចលនាតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេសបានជំរុញឱ្យមានការអំពាវនាវ រួមទាំងពីប្រទេសជិតខាងអាស៊ានរបស់មីយ៉ាន់ម៉ា ឱ្យបញ្ចប់អរិភាព និងអនុញ្ញាតឱ្យទទួលបានជំនួយមនុស្សធម៌៕ សម្រួលដោយ ទៀង បុណ្ណរី