ក្រោយខកខានច្រើនឆ្នាំ ព្រះរាជពិធីច្រត់ព្រះនង្គ័លរៀបចំឡើងជាថ្មីក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ

កំពង់ធំ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លបានរៀបចំឡើងជាថ្មី ក្រោយខកខានអស់ជាច្រើនឆ្នាំព្រោះតែវិបត្តិជំងឺកូវីដ១៩។ ព្រះរាជពិធីនាព្រឹកនេះប្រព្រឹត្តិឡើងនៅពហុកីឡដ្ឋាន​ខេត្ត​កំពង់​ធំស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិប​តីភាពដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ព្រះរាជពិធីនេះ ក៏មានការអញ្ជើញចូលរួមពី​សម្តេចវិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ព្រមទាំង​មន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនៃបណ្ដា​ប្រទេសជាមិត្តប្រចាំនៅកម្ពុជា មន្ត្រីរាជការ និងមហាជនជាច្រើនម៉ឺននាក់។  ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការថា ជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ។ ក្នុងព្រះរាជពិធី​បុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះ​មហា​ក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័ល​ទី២ តំណាងព្រះអង្គ និងភរិយា ជាព្រះមេហួ។ កាលពីដើមឡើយ ព្រះរាជពិធីនេះតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណា​ជាអម្ចាស់ជីវិតលើ​ត្បូង ព្រះរាជានុញ្ញាតឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបាន​ចូលរួម​ក្នុងព្រះរាជបវេណី​ដ៏សំខាន់មួយនេះ។ ក្នុងព្រះរាជពិធីនេះ ក៏មានការរៀបចំចំណី៧មុខរួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារឱ្យ «គោឧសភរាជ»បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗទៅលើសត្វធាតុរបស់ប្រជាកសិករ។  សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុក​ជាវ​ប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គ​តែ​ង​តែ​ដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង