ពលរដ្ឋនៅឃុំផ្អាវជាង ៥០០នាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសម្តេចតេជោ
កំពង់ចាម៖ ប្រជាពលរដ្ឋសរុបជាង ៥០០នាក់ នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការដឹកនាំសម្របសម្រួលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្អាវ។ សកម្មភាពនេះ រៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហោ ណាំហុង ព្រៃញា ក្រោមការដឹកនាំរបស់ លោក ឡេង តុង អនុប្រធានក្រុមការងារ តំណាងលោក ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្អាវ។ ប្រជាពលរដ្ឋនៅក្នុងឃុំផ្អាវ បានឱ្យដឹងថា ការដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធម៌ខ្ពស់ និងមិនប្រកាន់និន្នាការនយោបាយ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យTYDA និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្អាវ។ នាឱកាសនោះ លោក ឡេង តុង បានលើកទឹកចិត្តឱ្យពួកគាត់បង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ។ លោកក៏បានលើកឡើងពីគុណតម្លៃនៃសុខសន្តិភាព ស្ថិរភាព ដែលកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន និងបានអំពាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្ស៕ សម្រួលដោយ ទៀង បុណ្ណរី