ប្រធានសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ីថា នឹងឈ្នះក្រុមជើងខ្លាំងប្រចាំតំបន់ ថៃនិងវៀតណាម

ស៊ីហ្គេម៖ ប្រធានសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី លោក ហាមីនឌីន ម៉ូអាមីន Hamidin Mohd Amin មានសុទិដ្ឋិនិយមចំពោះឱកាសដែលក្រុមបាល់ទាត់ម៉ាឡេស៊ី អាចយកឈ្នះទាំងថៃ និងវៀតណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា…។   លោក Amin បាន​និយាយ​ថា ២ប្រកួត​បន្ទាប់​របស់ក្រុម​ម៉ាឡេស៊ី​ គឺ​សំខាន់ខ្លាំងណាស់។ លោកបាននិយាយក្នុងជំនួបជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅកម្ពុជា កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៤ ខែឧសភាថា៖ «យើងនឹងប្រកួតពីរប្រកួតជាមួយថៃ និងវៀតណាម ដូចការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ប្រសិនបើយើងឈ្នះជាមួយក្រុមទាំងពីរនេះ ម៉ាឡេស៊ីអាចជឿជាក់លើឱកាសនៃការឈ្នះមេដាយមាស»។ លើសពីនេះ ​ប្រធានសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ីរូបនេះ ជឿជាក់​ថា ម៉ាឡេស៊ី​អាច​យក​ឈ្នះ​ថៃ និង​វៀតណាម ដរាបណា​កីឡាករ​ម៉ាឡេស៊ី​ប្រមូលអារម្មណ៍​​ផ្តោតលើការប្រកួតឱ្យបានល្អ និងលេងដោយទំនុកចិត្ត។  បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងការប្រកួតបើកឆាកនាថ្ងៃពុធទី៣ ខែឧសភា ម៉ាឡេស៊ីនៅ​សល់៣ប្រកួត​ទៀតក្នុងដៃ។ ក្រុមម៉ាឡេស៊ី​ត្រូវ​ជួប​ថៃ​ នៅ​ថ្ងៃ​សៅរ៍ទី៦ ខែឧសភានេះ ខណៈនឹងជួបក្រុមវៀតណាម​ នៅ​ថ្ងៃ​ទី​៨ ខែឧសភា និង​សិង្ហបុរី​ថ្ងៃ​ទី​១១ ខែ​ឧសភា ខណៈវៀតណាម​ នឹង​ជួប​ថៃ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១១ ឧសភាផងដែរ។ គួររំឭកថា នៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ម៉ាឡេស៊ីបានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបានបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ បន្ទាប់មកចាញ់ឥណ្ឌូណេស៊ីក្នុងការប្រកួតដណ្តើមមេដាយសំរឹទ្ធផងដែរ…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង