មនុស្សមានចំនួន៤នាក់ដែលបានស្លាប់ក្នុងហេតុការណ៍បាក់រណ្ដៅ​ជីករ៉ែមាសនៅស្រុកសណ្ដាន់ខេត្តកំពង់ធំ

យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ត្រូវបានស្លាប់ ខណៈដែលកំពុងជីករុករករ៉ែមាសស្ថិតនៅក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។  តាមប្រភពសមត្ថកិច្ចនៅស្រុកសណ្តាន់បញ្ជាក់ថា មនុស្សដែលបានស្លាប់មានឈ្មោះ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់, ទី២-ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់, ទី៣-ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ និងទី៤-ឈ្មោះ ពេល វុទ្ធី (តាវ៉ែនតា) ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពដដែលបញ្ជាក់ថា ទីតាំងរណ្តៅជីករុករករ៉ែមាសមានម្ចាស់ឈ្មោះ ស្វាយ ភឿន អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ មឿន សុខវី អាយុ៣១ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។  ជុំវិញករណីនេះដែរ លោក ណឹម ចន្ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ បញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនដែលមានដីចំការ ស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ មានមុខរបរជាអ្នកជីករុករករ៉ែមាសជាលក្ខណៈគ្រួសារ ដោយមិនមានការអនុញ្ញាតច្បាប់នោះទេ ពោលគឺការធ្វើអាជីវកម្មខ្នាតតូចតាមគ្រួសាររៀងៗខ្លួន។ ក្នុងនោះដែរ មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរតែងតែចុះទៅណែនាំអំពីហាន័យនៃគ្រោះថ្នាក់ជាច្រើនលើកមកហើយ ប៉ុន្តែនៅតែមិនអាចហាមឃាត់បានឡើយ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង