ឯកឧត្តម ប្រធានកីឡាហែលទឹក ប្រកាសផ្ដល់រង្វាន់១ម៉ឺនដុល្លារចំពោះកីឡាករ-កីឡាការិនី ដែលបានឈ្នះមេដាយមាស

រាជធានីភ្នំពេញ៖ ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសថា ចំពោះកីឡាករ-កីឡាការិនីណាដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារបន្ថែម។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអត្តពលិកជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន៤៩រូប…។  បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឧបត្ថម្ភដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹក វិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ២០០ដុល្លារអាម៉េរិក បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភចំនួន៥០០ដុល្លារអាម៉េរិក ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ផងដែរ។ ថ្លែងក្នុងជំនួបដដែលនេះ ឯកឧត្តមប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ។  ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញមោទកភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិ ឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនេះហើយគឺជាការរួបរួមសាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅក្នុងប្រទេសក៏ដោយ។ គូសបញ្ជាក់ផងដែរថា ជំនួបសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់កម្លាំងចិត្តជូនដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក នៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង