ប្រធានរដ្ឋឡាវអញ្ជើញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃនេះ
រាជធានីភ្នំពេញ៖ លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអញ្ជើញមករាជធានីភ្នំពេញ នៅម៉ោងប្រមាណ៧៖៣០នាទីព្រឹក នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ព្រមទាំងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ផងដែរ។ បន្ទាប់ពីប្រធានរដ្ឋឡាវរូបនេះបានចូលគាល់ព្រះមហាក្សត្រកម្ពុជា លោកក៏បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ស្របជាមួយគ្នានេះ នាវេលាម៉ោង១០:៣០នាទី លោកបានអញ្ជើញទៅដល់វិមានសន្តិភាពដោយមានការទទួលបដិសណ្ឋារកិច្ចដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។ អំឡុងទស្សនកិច្ចនេះ លោកក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕ សម្រួលដោយ ទៀង បុណ្ណរី